អតីតបុគ្គលិក VOD ចំនួន ២៨នាក់ បានដាក់ពាក្យចូលបម្រើក្របខណ្ឌរដ្ឋ បន្ទាប់ពីថ្ងៃ និងម៉ោងឱសានវាទ បានមកដល់

អតីត​បុគ្គលិក​ វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) បាន​ដាក់ពាក្យ​នៅ​ក្រសួង​មុខងារ​សាធារណៈ​ ដើម្បីស្នើសុំចូលបម្រើ ការងារក្របខណ្ឌរដ្ឋ​ មានចំនួន​សរុប​ ២៨នាក់​ ស្រី០៦​នាក់។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន កាលល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ។

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា គិតមកដល់ម៉ោងឱសានវាទ​ នៃថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​នេះ គឺមាន ចំនួនសរុប ២៨នាក់ ហើយគណៈកម្មការកំពុងពិនិត្យ និងផ្ទៀងផ្ទាត់អត្តសញ្ញាណអតីតបុគ្គលិក ទាំងនោះឱ្យបាន ច្បាស់លាស់លើពាក្យស្នើសុំ មុននឹងចាត់ចែងបន្តទៅតាមនីតិវិធី។

ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា ការដាក់ពាក្យស្នើសុំចូលបម្រើការងាររដ្ឋរបស់អតីត បុគ្គលិកVOD នេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដែលពួកគេមិនគួរបន្តឱ្យក្លាយទៅជាឧបករណ៍ របស់អ្នកណាម្នាក់ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃការពិតនៅកម្ពុជា ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធរដល់សង្គមជាតិ។

សូមរម្លឹកថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា វិទ្យុ VOD គ្មានថ្ងៃរស់ឡើងវិញឡើយ ហើយដោយក្តីអាណិតអាសូរដល់អតីតបុគ្គលិកវិទ្យុនេះ សម្តេចបានអនុញ្ញាតឱ្យពួកគេដាក់ពាក្យ សុំចូលបម្រើជាមន្ត្រីរាជការក្នុងស្ថាប័នរដ្ឋ ដោយដាក់ឱសានវាទ ត្រឹមម៉ោង ៥​ ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ៕ ប្រភពៈ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង