សម្តេចតេជោ នឹងអញ្ជើញក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារ សាមគ្គីជាមួយសិល្បករសិល្បការិនី

នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ និងពិសាអាហារសាមគ្គី ជាមួយសិល្បករសិល្បការិនីជាង៤ពាន់នាក់ នៅល្ងាច ថ្ងៃព្រហស្បតិ៍​ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីប្រមាណជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរដើម្បីជំរុញឱ្យយុវជន ចូលរួមយ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូន ចៅជំនាន់ក្រោយ។

ទន្ទឹមគ្នានេះដែរទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណី និងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

រាជរដ្ឋាភិបាលក៏បានយកឱកាសនេះក្នុងការជួបជាមួយបងប្អូនអ្នកសិល្បៈគ្រប់ទម្រង់ដើម្បីស្វែងយល់អំពីគ្នាទៅវិញទៅមក ជាពិសេសរវាងប្រមុខរាជរដ្ឋាភិបាល និងសិល្បករសិល្បការិនី ដើម្បីរិះរកវិធី និង ជំរុញការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌របស់កម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត៕ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង