សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ និងពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីជាង៤ពាន់នាក់
កាលល្ងាច ថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធី អបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនី ប្រមាណ ជាង៤,០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរដើម្បីជំរុញឱ្យយុវជនចូលរួម យ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិ វប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែល បន្សល់ទុកមក ដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណី និ ងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិង បរិយាប័ន្នស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាលក៏បានយកឱកាសនេះក្នុងការជួបជាមួយបងប្អូនអ្នកសិល្បៈគ្រប់ទម្រង់ដើម្បីស្វែងយល់អំពីគ្នាទៅវិញទៅមក ជាពិសេសរវាងប្រមុខរាជរដ្ឋាភិបាល និងសិល្បករសិល្បការិនី ដើម្បីរិះរកវិធី និង ជំរុញការអភិវឌ្ឍ វិស័យសិល្បៈវប្បធម៌របស់កម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការជួបជុំនៅថ្ងៃនេះ គឺជាជំនួបដ៏មានតម្លៃដើម្បីពង្រឹង ភាពស្និទ្ធស្នាលរវាងប្រមុខរាជរដ្ឋាភិបាល និងអ្នកសិល្បៈ និងដើម្បីលើកកម្ពស់តម្លៃវប្បធម៌របស់យើងអោយកាន់តែល្អប្រសើរបន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សានិងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមក ដល់កូនចៅជំនាន់ក្រោយ។
នៅថ្ងៃម្សិលមិញនោះដែរ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការយកចិត្តទុកដាក់ទៅលើវប្បធម៌ជាតិជាពិសេសទៅលើអក្សរសាស្ត្រខ្មែរ បន្ទាប់ពីមានការប្រើប្រាស់ខុសឆ្គងច្រើននាពេលកន្លងមក។ជាមួយគ្នានោះ សម្តេចតេជោ បានណែនាំឱ្យអ្នកសិល្បៈរួមគ្នាតែងនិពន្ធចម្រៀងអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមទាំងអស់គ្នា ដើម្បីលើកមុខមាត់ប្រទេសយើងដែលទទួលធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិ ការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើការសាងសង់រូបបដិមា ឬ រូបសំណាកផ្សេងៗ គឺត្រូវសង់ឱ្យត្រូវទៅតាមរចនាបទខ្មែរយើង ពីព្រោះកន្លងមកសម្ដេចតេជោកត់សម្គាល់ឃើញថា រូបព្រះបរិមាតាមទីអារាមមួយចំនួនហាក់បីដូចជាខុសនឹងរចនាបថដើម។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបញ្ឈប់ការទាមទារជាម្ចាស់កម្មសិទ្ធិលើមរតកវប្បធម៌នានា រវាងប្រទេសមានវប្បធម៌ស្រដៀងគ្នា ជាក់ស្ដែងដូចជាថ្មីៗនេះទាក់ទងទៅនឹងរឿងក្បាច់ប្រដាល់”គុនខ្មែរ” និងក្បាច់ប្រដាល់ “មួយថៃ” ដែលមានការជជែកវែកញែករកខុសរកត្រូវនោះ។សម្តេចតេជោចង់ឱ្យមានការជជែកគ្នារវាងប្រទេសមានមរតកវប្បធម៌ស្រដៀងគ្នា ដើម្បីបញ្ចប់វិវាទ និងការទាមទារម្ចាស់កម្មសិទ្ធិរបស់ប្រទេសណាមួយ។ ជាក់ស្ដែងដូចជាប្រដាល់ “គុនខ្មែរ” ពេលដែលមកប្រកួតនៅខ្មែរអាចហៅថា ” គុនខ្មែរ” ពេលប្រកួតនៅប្រទេសថៃអាចហៅថា “មួយថៃ” ឬ ប្រកួតនៅប្រទេសផ្សេងទៀតអាចហៅទៅតាមប្រទេសនោះ។ នេះជាការលើកឡើងរបស់សម្ដេចតេជោដើម្បីឲ្យក្រសួងមានការជជែកវែកញែកពិភាក្សារឿងបញ្ហានេះ។ សម្តេចតេជោរំពឹងថា មេដឹកនាំថៃ និងឡាវ ដែលមានសម្បត្តិវប្បធម៌ស្រដៀងនឹងខ្មែរនេះ អាចពិចារណាលើគំនិតផ្តួចផ្តើមរបស់សម្តេច។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បុព្វបុរសខ្មែរជំនាន់មុនទាំងអស់ ដែលបន្សល់ទុកនៅមរតកវប្បធម៌ដ៏ផូផង់សម្រាប់ខ្មែរ និងបានអបអរសាទរចំពោះទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ ព្រមទាំងបានជូនពរដល់សិល្បករសិល្បការិនីទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា៕