សម្ដេចតេជោ អនុញ្ញាតឲ្យអគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investement Group សាងសង់អាកាសយានដ្ឋាន​សៀមរាប-អង្គរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅវិមានសន្តិភាព កាលពីសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតឲ្យលោក Liu minglin អគ្គនាយក និងជាអនុប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investement Group ដែលសាងសង់អាកាសយានដ្ឋាន​សៀមរាបអង្គរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

តាមការឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹង នៅក្រោយជំនួប ថាលោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investement group បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខសម្ដេចតេជោ ពី សំណាក់ឯកឧត្តមអគ្គលេខាធិការបក្ស ខេត្តយូណាន និងឯកឧត្តមអភិបាលខេត្តយូណាន។

លោក Liu Minglinបានគោរពជម្រានជូនសម្ដេចតេជោ ហ៊ុន សែន អំពីវឌ្ឍនភាពនៃការសាងសង់ព្រលាន យន្តហោះអន្តរជាតិខេត្តសៀមរាប​ដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និង​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខផងដែរ។

លោក Liu Minglin ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីបំណងចង់ធ្វើការផ្សព្វផ្សាយអំពីព្រលាន យន្តហោះអន្តរជាតិ​ខេត្តសៀមរាប​ឲ្យបានទូលំទូលាយដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា ហើយ លោកបានបញ្ជាក់ពីគោលបំណងរបស់​ក្រុមហ៊ុនរបស់លោកដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយជាមួយនឹងវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប-អង្គរ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់​នោះត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការ ហោះហើរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមក ព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ។

សម្តេចតេជោក៏បានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ​ដើម្បីទាក់ទាញឲ្យមានការហោះហើរមកកាន់ខេត្តសៀមរាប និងបំណងនាំទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តសៀមរាបនិងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនអាចពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេ សក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕ ប្រភពៈ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង