លោក កេង ប៊ុនណា អភិបាលរងខេត្ត អញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សា បឋមភូមិសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅមណ្ឌលត្បូងឃ្មុំ

( ត្បូងឃ្មុំ ): មន្ទីរធម្មការនិងសាសនាខេត្ត សហការជាមួយ សាលាគណខេត្តត្បូងឃ្មុំ រៀបចំដំណើការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ និងកាត់ស្រោមវិញ្ញាសានៅមណ្ឌលត្បូងឃ្មុំ ក្រោមអធិបតីភាពលោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ នេះ នៅសាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងពិធីកាត់វិញ្ញាសារនោះដែរ ក៏មានការចូលរួមពី ព្រះមេគណ ព្រះបាឡាត់គណ និងថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត មន្ត្រីរាជការមន្ទីរធម្មការសាសនាខេត្ត ព្រមទាំងសមណសិស្សសរុបចំនួន ២០៨អង្គផងដែរ ។

ថ្លែងនាឱកាសនោះ លោក កេង ប៊ុនណា អភិបាលរងខេត្ត បានលើកឡើងថា ការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ សម្រាប់សមណៈសិស្សទាំងអស់ នាថ្ងៃនេះ គឺជាការវាស់ស្ទង់នូវចំណេះដឹង ដែលព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងគ្រហស្ថមួយចំនួន ដែលបានខិតខំសិក្សារៀនសូត្រកន្លងមក និងដើម្បីសិក្សាបន្តនូវកំរិតថ្នាក់បន្តទៀត ។ ម្យ៉ាងទៀត ពុទ្ធិកសិក្សា បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សស ដោយផលិតបាននូវបញ្ញវន្តសង្ឃផ្នែកអក្សេសាស្ត្រខ្មែរ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតទៀតផង ។

លោកអភិបាលរងបន្តថា ពុទ្ធិកសិក្សាបានដើរតូនាទីដ៏សំខាន់ មួយទៀតគឺ បានផ្ដល់ឱកាសនិងជួយបណ្ដុះបណ្ដាលអប់រំសីលធម៌ ចរិយាធម៌ និងសង្គមកិច្ច ដល់កុមារក្រីក្រអនាថា គ្មានទីពឹង ខ្វះលទ្ធភាព សម្រាប់បន្តការសិក្សារៀនសូត្រ ឲ្យក្លាយជាធនធានមានតម្លៃសម្រាប់សង្គមជាតិយ៉ាងពិតប្រាដក ។

ជាមួយគ្នានោះ លោក កេង ប៊ុនណា អភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖ ដើម្បីចូលរួមថែរក្សាវិស័យព្រះ ពុទ្ធសាសនា ជាសាសនារបស់រដ្ឋ គប្បីអ្នកប្រតិបត្តិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្បួនច្បាប់ធម៌វិន័យឲ្យបានត្រឹមត្រូវ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមដំបូលប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ។

បើតាមការបញ្ជាក់របស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានអោយដឹងថា ការប្រឡងចូលរៀនពុទ្ធិកពុទ្ធិកមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃ មានសមណសិស្សសរុបចំនួន ២០៨ អង្គ គណៈមេប្រយោគ ៣០ អង្គ/នាក់ ចែកចេញជា ៩ បន្ទប់ ក្នងនោះ មានវិញ្ញាសាចំនួន ៤ គឺ ១.ភាសាបាលី ២.សរសេរតាមអាន ៣.ព្រះវិន័យ និង៤.គណិតវិទ្យា ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង