ខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បង្ហាញ​សម្រស់ និងភាពរឹងមាំក្រោយការជួសជុល

ខ្លោងទ្វារតាកាវភាគខាងលិច នៃក្រុងអង្គរធំ ដែលបានទទួលរងការខូចខាតជាច្រើនកន្លែង ដូចជាថ្មក្រៀកចេញពីគ្នា ព្រមទាំងមានជ្រុះធ្លាក់មកដីផង ហើយនៅទីតាំងកំពូលមុខព្រហ្ម ដំរីក្បាលបី ចម្លាក់រូបទេវតា និងអសុរទាញព្រ័ត្រនៅស្ពានហាលជាដើម សុទ្ធតែជាកន្លែងគ្រោះថ្នាក់មិនអាចធ្វើដំណើរឆ្លងកាត់បានទេ។ តែបច្ចុប្បន្នត្រូវបានគេជួសជុលរួចហើយ ខ្លោងទ្វារមួយនេះបានបង្ហាញសម្រស់ដ៏ល្អឯក ព្រមទាំងមានភាពរឹងមាំយូរអង្វែង ដែលអាចឱ្យអ្នកស្រុកអ្នកភូមិ និងអ្នកទេសចរ អាចធ្វើដំណើរចេញ-ចូលទស្សនាបានដោយសេរី មិនមានការភ័យខ្លាចពីគ្រោះថ្នាក់ដូចកាលពីពេលមុននោះទេ។

យោងតាមអត្ថបទនិងរូបភាពដែលបានផ្សព្វផ្សាយដោយអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ខ្លោងទ្វារតាកាវនេះ ត្រូវបានជួសជុលដោយក្រុមស្ថាបត្យកម្មជនជាតិខ្មែរយើង ពោលគឺអ្នកបុរាណវិទូ និងក្រុមជាងគ្រប់ផ្នែក នៃអាជ្ញាធរជាតិអប្សរា ហើយដែលគេទើបនឹងបាន ជួសជុលរួចក្នុងពេលថ្មីៗនេះ តែមិនបានបញ្ជាក់អំពីកាលបរិច្ឆេទ នៃការចាប់ផ្តើមជួសជុលនោះទេ។

នៅក្នុងអត្ថបទនោះដែរ គេបានដកស្រង់ពីចំណាប់អារម្មណ៍របស់កម្មករ ដែលបានចូលរួមជួសជុលខ្លោងទ្វារតាកាវនោះ មានដូចជា អ្នកស្រី ហាន ម៉ាច អាយុ៦៦ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង ដែលបានចូលរួមជួសជុលប្រាសាទជាច្រើននៅក្នុងតំបន់អង្គរ ជាមួយអាជ្ញាធរជាតិអប្សរាជាង២០ឆ្នាំមកហើយ បានសម្ដែងនូវក្តីរំភើប និងសប្បាយចិត្ត ក្រោយពេលជួសជុលខ្លោងទ្វារតាកាវនេះរួចរាល់ឃើញថា សម្រស់ខ្លោងទ្វារតាកាវពិតជាស្អាតខ្លាំងណាស់ ស្ទើរតែមិនជឿភ្នែកខ្លួនឯង ដោយអ្នកស្រីបញ្ជាក់ថា ការងារនេះមានតម្លៃខ្លាំងណាស់ ព្រោះអ្នកស្រីបានចូលរួមថែរក្សាប្រាសាទបុរាណខ្មែរយើង ឱ្យស្ថិតស្ថេរយូរអង្វែងបន្តទៅទៀត។

រីឯលោក ហឿង ឈ្លឿន អាយុ៣៩ឆ្នាំ អ្នកភូមិអូរទទឹង ជាកម្មករដែលបានចូលរួមជួសជុលខ្លោងទ្វារតាកាវម្នាក់ទៀត បានមានចំណាប់អារម្មណ៍ដែរថា រយៈពេល៣ឆ្នាំមកនេះ ខ្លោងទ្វារតាកាវ បានផ្លាស់ប្រែសភាពខុសប្លែកពីមុន ដែលធ្លាប់តែមានការបាក់បែក បែរជាត្រឡប់ទៅជារឹងមាំឡើងវិញ។

លោក ឈ្លឿន បានមានប្រសាសន៍ឱ្យដឹងថា ការជួសជុលខ្លោងទ្វារតាកាវ បានជួបការលំបាកខ្លះៗ ដោយសារតែបាត់ថ្មជាច្រើន ដែលតម្រូវឱ្យថែមថ្មថ្មី។ ប៉ុន្តែលោកបានខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ដើម្បីរក្សាកេរមរតកដូនតាមួយនេះ ឱ្យបានគង់វង្សបន្តទៀត។ គួរបញ្ជាក់ថា ខ្លោងទ្វារតាកាវបច្ចុប្បន្ន បានបង្ហាញសម្រស់ និងភាពរឹងមាំ ត្រចះត្រចង់ឡើងវិញ ឈរបង្អួតភ្ញៀវទេសចរយ៉ាងមោទនភាព ហើយប្រជាពលរដ្ឋក៏នឹងអាចធ្វើដំណើរឆ្លងកាត់ទីនេះដោយសុខសុវត្ថិភាព លែងមានការលំបាកដូចមុនទៀតហើយ ៕

អត្ថបទដែលជាប់ទាក់ទង