ស្នងការនគបាលខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៣ និងទិសដៅបន្ត និងប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា

(ត្បូងឃ្មុំ) :លោកមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងនគរបាល ប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៣ និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ។

កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ស្នងការរងនគរបាលខេត្ត  នាយការិយាល័យជំនាញ អធិការក្រុង-ស្រុកទាំង ៧  នាយយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦៤ ឃុំ-សង្កាត់ ។
លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរងទទួលផែនការងារសេនាធិកា បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារ ស្តីពីលទ្ធផលការអនុវត្ត៍ការងារនគរបាល និងសហគមន៍ ដែលនគរបាលសម្រេចបាន ប្រចាំត្រីមាស ទី ១ ឆ្នាំ ២០២៣ ដោយបានលើកពីចំនុចខ្លាំង ចំនុចខ្សោយ ការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីដាក់ចេញនូវផែនការសម្រាប់អនុវត្តន៍បន្តនៅត្រីមាសបន្ទាប់ ។
លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានក្រើនរំលឹកដល់គ្រប់នគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវមានឥរិយាបថទន់ភ្លន់ ទាំងកាយវិការ និងពាក្យសម្តីពេលផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្រៅពីនេះ នគរបាលចរាចរណ៍ ត្រូវអនុវត្តន៍ច្បាប់ឲ្យបានល្អ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ដោយបន្តផ្សព្វផ្សាយពីច្បាប់ និងគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងស្លាប់ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់លើបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កាត់បញ្ហាបទល្មើសគ្រឿងញៀន ក្មេងទំនើង និងអំពើចោរកម្មផ្សេងៗជាដើម ។
លោកឧត្តមសេនីយទោស្នងការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំង នគរបាលគ្រប់ជំនាញពាក់ពន្ធ័ទាំងអស់ លោកឧត្តមសេនីយ៍ក៏បានអំពាវនាវឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវគោរពបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ត្រូវអនុវត្ត តួនាទី ភារកិច្ច ត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ ២៤ ម៉ោង លើ ២៤ ម៉ោង លើសពីនេះទៀត តាមស្រុកនីមួយៗ ចំពោះគោលដៅដែលមានភាពស្មុគស្មាញត្រូវជម្រុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីឲ្យជំនាញ ងាយក្នុងការស៊ីបអង្គេត បង្ការ បង្ក្រាប បទល្មើសដែលកើតឡើងជាយថាហេតុសំដៅធានាឲ្យបានសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរខេត្តត្បូងឃ្មុំ បានបន្តប្រារព្ធពិធី អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី ១១២ ឆ្នាំ ២០២៣ ក្រោមប្រធានបទ ( ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល ) ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោមឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ក៏បានផ្តាំផ្ញើរដល់កងកម្លាំងនគរបាលជានារី ត្រូវយកចិត្តទុកដាក់ គោរពវិន័យ តួនាទី ភារកិច្ច ការរក្សាសុខសន្តិភាពសង្គម ពង្រឹងការអភិវឌ្ឍន៍ខ្លួន ចំពោះ ចំណេះ ជំនាញ សមត្ថភាព បន្ថែមឲ្យស្របតាមយុគសម័យឌីជីថល ដើម្បីឲ្យកាន់តែមានភាពស្មើមុខ ស្មើមាត់ ក្នុងការបំពេញការងារ និងកាន់តំណែងខ្ពស់ដូចកម្លាំងនគរបាលជាបុរស ។
ពិធីនេះលោកឧត្តមសេនីយ៍ទោស្នងការ និងថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធ ក៏បានជូនបាច់ផ្កា សារុង ចំនួន១ និងថវិការ ដល់កម្លាំងនគរបាលជានារីផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង