ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភា ថ្លែងថា សមិទ្ធផលនានា ដែលកើតមាន នៅទូទាំងប្រទេសសព្វថ្ងៃនេះ ដោយការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា

កំពង់ចាម ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្ទឹងត្រង់ បានថ្លែងថា សមិទ្ធផលនានា ដែលកើតមាន នៅទូទាំងប្រទេសសព្វថ្ងៃនេះ ដោយការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្ដែងព្រះវិហារ រួមនិងសមិទ្ធផលនានា នៅក្នុងវត្តសមារង្សី(ហៅវត្តសំរោង) ដែលបានបញ្ចុះសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជាចំណងដៃ ចំពោះ ព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឃុំអូម្លូ ស្រុកស្ទឹងត្រង់ សម្រាប់បូជា គោរពប្រតិបត្តិ តាមគន្លងព្រះពុទ្ធសាសនា។ ការលើកឡើងរបស់ឯកឧត្តម ច្រឹង គឹមស្រ៊ាន នាឱកាសអញ្ជើញចូលរួមពិធីបញ្ចុះសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តសមារង្សី (ហៅវត្តសំរោង) ឃុំអូម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះ ដោយមានការអញ្ជើញចូល លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាល ខេត្តកំពង់ចាម ព្រមទាំង អាជ្ញាធរធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ជាច្រើននាក់ ផងដែរ ។
ឯកឧត្តមបានបញ្ជាក់ថា «ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ បានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ ខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹង
លទ្ធិប្រជាធិបតេយ្យ ជាពិសេស ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ មានការរីកចម្រើន»។ ឯកឧត្តមបានថ្លែងទៀតថា កម្ពុជា បានឆ្លងកាត់ដំណាក់កាលធំៗ ប្រកបដោយវីរភាព ក្នុងការការពារ និងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ នៅលើវិថីដ៏លំបាក រាជរដ្ឋាភិបាល បានផ្សាភ្ជាប់ខ្លួន ជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ និងនៅគ្រប់ស្ថានភាព បន្តដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គតូចធំ រាប់មិនអស់ រហូតដល់ដំណាក់កាលអភិវឌ្ឍន៍ ក្នុងសន្តិភាព ប្រកបដោយមោទនភាព។
យកឱកាសនោះឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ត្រូវបន្តរួមគ្នាការពារសុខសន្តិភាពឲ្យគង់វង្សយូរអង្វែង ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិជាបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង