ឯកឧត្តម អ៊ុន ចាន់ដា មន្ត្រីសុខាភិបាល ឲ្យចុះពិនិត្យអនាម័យចំណីអាហារ តាមភោជនីយដ្ឋាននានា ដើម្បី ថែរក្សាសុខភាពប្រជាពលរដ្ឋ

កំពង់ចាម នៅរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបែបនេះនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខាភិបាល ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ ២០២៣ របស់មន្ទីរសុខាភិបាល រដ្ឋបាលខេត្ត អភិបាល ខេត្តកំពង់ចាម ដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវចុះពិនិត្យជាប្រចាំ នូវអនាម័យចំណីអាហារតាមភោជនីយដ្ឋាននានា និងតាមកន្លែងរោងចក្រ ដើម្បីជួយថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ ដែលបានទិញមកទទួលទាន ។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងទៀតថា មន្ត្រីសុខាភិបាល សូមយកចិត្តទុកដាក់ ចុះពិនិត្យលើគុណភាពអនាម័យចំណីអាហារ តាមភោជនីយដ្ឋាននានា ដើម្បី បង្កើនទំនុកចិត្ត ចៀសវាងមានបញ្ហាបង្កធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ម្យ៉ាងទៀតប្រសិនបើ ការលក់ដូរចំណីអាហារដែលគ្មានអនាម័យ វាក៏អាចនាំឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគាត់ផងដែរ ។ ដូច្នេះ សូមក្រុមគ្រូពេទ្យរបស់យើង ចុះណែនាំពន្យល់ម្ចាស់ភោជនីយដ្ឋាន ឲ្យបានជាប្រចាំ រួមទាំងតាមបណ្ដាររោងចក្រនានា ផងដែរ ។ ឯកឧត្តម មានប្រសាសន៍ដែរថា នាបច្ចុប្បន្ន ចំពោះអ្នកកាន់ប័ណ្ណ ប.ស.ស កំពុងជួបបញ្ហាប្រឈម ដោយសារកន្លងមក មានអ្នកកាន់ប័ណ្ណប.ស.ស ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលសុខភាព ប៉ុន្តែត្រូវបានបុគ្គលិកពេទ្យ គេចវេស ពិសេសកន្លែងគណនេយ្យ មិនទទួល ។ ចំណុចនេះអាចពួកគាត់មិនទាន់បានយល់ថា ការព្យាបាលដល់អ្នកកាន់ប័ណ្ណ ប.ស.ស គឺជាបន្ទុកចំណាយថវិការបស់រដ្ឋាភិបាល ពោលគឺ រាល់សេវាព្យាបាល ខាងគណនេយ្យមន្ទីរពេទ្យត្រូវកត់បញ្ជី បន្ទាប់មកថ្លៃព្យាបាលគឺររដ្ឋាភិបាល ជាអ្នកចេញប្រាក់ជំនួស ។ ឯកឧត្តមអភិបាលខេត្ត បន្តថា ពាក់ព័ន្ធទៅនឹងករណីខាងលើ សូមថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ណែនាំដល់មន្ត្រីរបស់ខ្លួន មានដូចជា តាមបណ្តារមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សូមកុំឱ្យមានការរើសអើង ហើយត្រូវយកចិត្តទុកដាក់បម្រើសេវាជូនពួកគាត់ឲ្យបានល្អ ជាពិសេសចំពោះបងប្អូនដែលកាន់ប័ណ្ណប.ស.ស បើទោះពណ៌អ្វីក៏ដោយ សូមបម្រើសេវាជូនពួកគាត់ឲ្យបានស្មើៗគ្នា ផងដែរ ៕

ជាមួយគ្នានោះដែរ អភិបាលខេត្ត ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមទាំងអស់ ដែលបានខិតខំធ្វើការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការអភិវឌ្ឍន៍វិស័យសុខាភិបាលក្នុងខេត្ត នូវសមិទ្ធផលជាច្រើន ក្នុងឆ្នាំ ២០២២ កន្លងទៅ ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង