លោកជំទាវ តោ ពិឡា ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត (V.Y.D.A) ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជាលើកទី៤ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃ នៅឃុំបឹងណាយ ស្រុកព្រៃឈរ
កំពង់ចាម លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងណាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៣ នេះ បានដឹកនាំសមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃក្នុងភូមិក្បាលដំរី ក្នុងឃុំបឹងណាយ ។
លោកជំទាវ តោ ពិឡា គូសបញ្ជាក់ថា នេះជាលើកទី៤ បើធៀបទៅនឹងផែនការគ្រោង ចំនួន ១៧លើក ស្មើនឹង ១៧ភូមិ ដែលយើងត្រូវ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំងឃុំបឹងណាយ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម នាក្នុង ១សប្ដាហ៍ម្ដង នោះ ។
លោកជំទាវ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) ដែលតែងតែបានចាត់បញ្ជូនក្រុមការងារគ្រូពេទ្យជំនាញ ចុះបំពេញបេសកកម្មមនុស្សធម៌ ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទីនេះផ្ទាល់ ក៏ដូចជា នៅក្នុងទូទាំងប្រទេស ផងដែរ ។ ជាមួយនោះ លោកជំទាវ បានចាត់ទុកសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តមនេះ ពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា អាជ្ញាធរដែនដីក្នុងខេត្តកំពង់ចាម ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បី គាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព ផងដែរ ។
យកឱកាសនោះ លោកជំទាវ តោ ពិឡា ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តថែរក្សាសុខភាព ឲ្យបានល្អ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ ៣កុំ ៣ការពារ ដើម្បី ការពារកុំឲ្យមានជំងឺកូវិដ-១៩ ឆ្លងចូលសហគមន៍ និងបង្ការនូវជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺគ្រុនឈាម ព្រមទាំង សូមបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ឱ្យបានទាន់ពេលវេលា ។
នាឱកាសនោះដែរ លោកជំទាវ តោ ពិឡា និងក្រុមការងារ បាននាំយកអំណោយ របស់ឯកឧត្តម ប៉ាន សូរស័ក្តិ ចែកជូនស្ត្រីកូនខ្ចីចំនួន ១៣នាក់ នៅភូមិក្បាលដំរី ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ជាមួយនឹងនោះ បានបន្តយកអំណោយ អង្ករ ២៥គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកា ១០ម៉ឺនរៀល ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ កាលពីយប់ថ្ងៃទី១១ ដោយម្ចាស់ផ្ទះ ប្ដីឈ្មោះ ញ៉ន សារ៉ុន ប្រពន្ធឈ្មោះ សៀយ គឹមហាន ផងដែរ ។
គូសបញ្ជាក់ដែរថា ការពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃខាងលើនេះ គឺមានកិច្ចសហការ ពីសមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដោយមិនមានការរើសអើង ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យជំនាញចំនួន ២០នាក់ ។ ក្រៅពីនោះ ក្រុមគ្រូពេទ្យជំនាញបានធ្វើការពិនិត្យ និងព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋ ចំនួនសរុប ៨៩នាក់ ស្មើនឹង ២៤១ករណី ។ ជាមួយនោះ ក្រុមគ្រូពេទ្យក៏បានបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរ ចំនួន ០២នាក់ ទៅព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ផងដែរ ៕