លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ មជ្ឈដ្ឋានប្រឆាំង អស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុង CPP
ភ្នំពេញ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថាមជ្ឈដ្ឋានប្រឆាំងទំនងជាអស់អ្វីនឹងលើកយកមកវាយប្រហារហើយបានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
តាមរយៈបណ្តាញសង្គម លោកបណ្ឌិត បានបញ្ជាក់ដូច្នេះថា៖ «មើលទៅមជ្ឍដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេ រហូតដល់ទៅយកអត្ថបទមួយដែលសរសេរដោយជនបរទេសម្នាក់ ដែលតែងតែសរសេរផ្អែកលើមូលដ្ឋាននៃពាក្យចចាមអារ៉ាម .ព្រោះក្នុងការសរសេរម្តងៗរបស់គាត់ ឃើញតែដាក់ពីប្រភពនេះប្រភពនោះ ដែលមិនច្បាស់លាស់ថាជាប្រភពណាពិតប្រាកដ គឺប្រហែលជាប្រភពខ្យល់ច្រើនជាង.»។លោកបណ្ឌិត ហ៊ុន ម៉ាណែត សង្ឃឹមថា ការបញ្ជាក់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រសួងការពារជាតិ នាពេលកន្លងទៅ អាចឱ្យមហាជនបានដឹងច្បាស់ថា ការពិតគឺយ៉ាងណាហើយ។សូមបញ្ជាក់ថា ឆ្លើយតបនឹងការផ្សព្វផ្សាយអុចអាល និងញុះញង់របស់ទណ្ឌិត សម រង្ស៉ី, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក៏បានចេញមកច្រានចោលការផ្សាយរបស់ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី ផងដែរ។ សម្តេចចាត់ទុកថា ការផ្សព្វផ្សាយនេះ ជាការធ្វើឡើងក្នុងចេតនាទុច្ចរិតអុជអាលឱ្យមានការចលាចលក្នុងសង្គម និងញុះញង់បំបែកបំបាក់ជាតិ។