សម្ដេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍សុំការយោគយល់ពីប្រជាពលរដ្ឋចំនួន ៣៤២ គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដោយសម្ដេចតេជោបានញ្ជាក់ថា តម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ គឺអគ្គិសនី។

ក្នុងខណៈអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ពាល់ដោយសារគម្រោងសាងសង់វារីអគ្គិសនី ស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ពេលដែលយើងអនុវត្តន៍គម្រោងវារីអគ្គិសនីនេះតិច ឬច្រើនវាមានផលប៉ះពាល់ហើយ ប៉ុន្តែថាតើយើងត្រូវដោះស្រាយផលប៉ះពាល់នៅតាមរបៀបណា ដោយអនុវត្តន៍តាមជម្រើសរបស់ប្រជាជនរបស់យើង»។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា ឥឡូវនេះ នៅទូទាំងប្រទេស ភូមិដែលបានភ្ជាប់បណ្ដាញអគ្គិសនីជាតិរួចហើយ មានចំនួន ៩៩ភាគរយ នៃភូមិ ឯផ្ទះរបស់ប្រជាពលរដ្ឋដែលភ្ជាប់ជាមួយបណ្ដាញជាតិរួចហើយ មានទៅដល់៩០ភាគរយ នៃចំនួនផ្ទះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាអគ្គិសនីនាពេលបច្ចុប្បន្ន គឺដោះស្រាយតាមរបៀបមិនបំពុលបរិស្ថាន។ ដូច្នេះវារីអគ្គិសនីចាត់ទុកជាប្រភេទនៃអគ្គិសនីកកើតឡើងវិញ ដែលវាមិនប៉ះពាល់ទៅដល់ការប្រែប្រួលអាកាសធាតុ។ ម្យ៉ាងទៀត ការប្រើប្រាស់វារីអគ្គិសនីនូវតែជាជម្រើសដ៏ល្អ ដែលរហូតមកដល់ពេលនេះអគ្គិសនីរបស់យើងនៅក្នុងប្រទេសកម្ពុជា បានចេញមកពីប្រភពកកើតឡើងវិញរហូតមានទៅដល់ ជាង៦២ភាគរយ។ ដូច្នេះនៅសល់ជាង៤០ភាគរយ ទៀត យើងកំពុងតែខិតខំរកវិធីដើម្បីដោះស្រាយបញ្ហាអគ្គិសនី។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា កាលពីមុនប្រទេសកម្ពុជាយើងមកដល់ទសវត្សរ៍៩០ហើយ ការប្រើប្រាស់អគ្គិសនីមានត្រឹមតែ ៣០ម៉ហ្គាវ៉ាត់ទេនៅទីក្រុងភ្នំពេញ និងនៅតាមបណ្ដាខេត្តនានាប្រើប្រាស់តិចតួចព៉ុណ្ណោះ។ ប៉ុន្តែឥឡូងទំហំប្រើប្រាស់អគ្គិសនីរបស់យើងឡើងដល់ ជាង ២ ២០០ ម៉េហ្គាវ៉ាត់ នៅទូទាំងប្រទេស ប៉ុន្តែតាមការព្យាករណ៍នៅពេលខាងមុខតម្រូវការអគ្គិសនី នឹងត្រូវការកាន់ច្រើន ដែលយើងត្រូវរកប្រភព ដើម្បីបង្កើតឱ្យមានអគ្គិសនីសម្រាប់បំពេញតម្រូវការឱ្យវិស័យឧស្សាហ៍កម្មទេសចរណ៍ និងប្រជាជនប្រើប្រាស់។ល។

គួរជម្រាបដែរថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។ បន្ទាប់ពីទទួលបានសិទ្ធិក្នុងការសាងសង់ និងវិនិយោគរួចមក ក្រុមហ៊ុនបានខិតខំស្វែងរកប្រភពទុនវិនិយោគ និងក្រុមហ៊ុនដៃគូសាងសង់ដែលមានបទពិសោធន៍ខ្ពស់ ដោយបានជ្រើសយកក្រុមហ៊ុន Power China មកពីប្រទេសចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់គម្រោងវារីអគ្គិសនីនៅកម្ពុជានាពេលកន្លងមក។ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានចាប់ផ្តើមដំណើរការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន បានយកចិត្តទុកដាក់សាងសង់ និងសម្រេចបានលទ្ធផលមួយចំនួនរួមមាន បោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ៥៦៦ ហិកតា កាប់ឆ្ការព្រៃនៅទីតាំងសំខាន់ៗរបស់គម្រោងលើផ្ទៃដីទំហំ ៥៦៦ ហិកតា ព្រមទាំងបានសាងសង់ផ្លូវចូលទៅកាន់ទំនប់ និងទីតាំងសំខាន់ៗរបស់គម្រោងសរុបជិត ៣៦គីឡូម៉ែត្រ។ គម្រោងកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត។ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ព្រមទាំងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦។

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាវារីអគ្គិសនីទី២ហើយនៅក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីវារីអគ្គិសនីអាតៃ។ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ត្រូវបានសិក្សា និងវាយតម្លៃមានប្រយោជន៍ខ្ពស់សម្រាប់សេដ្ឋកិច្ច។ គម្រោងនេះក្រៅពីផ្តល់ការងាររាប់រយកន្លែងជូនដល់ប្រជាពលរដ្ឋហើយនោះ គម្រោងនេះ ក៏ជួយផ្តល់បន្ថែមនូវថាមពលអគ្គិសនីសម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាក្របខណ្ឌទូទាំងប្រទេស។ បន្ថែមពីលើនេះ គម្រោងនេះ ក៏ជួយទប់ទឹកជំនន់ក្នុងខែវស្សា មិនឱ្យជន់លិចភូមិសាស្ត្រមួយចំនួន ដូចជាក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងបាកានជាដើម។ ជាងនេះទៀត គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ក៏ជួយផ្តត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពនៅក្នុងរដូវប្រាំងផងដែរ៕ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង