សម្ដេចក្រឡាហោម ស ខេង ស្នើឱ្យពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលា។
ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តមេលប់ ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្នើប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុ ទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាបនឹងទប់ស្កាត់បានទាន់ពេលវេលា។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ទន្ទឹងនេះ ពលរដ្ឋ ក៏ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាពសេដ្ឋកិច្ច សង្គម ដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ននេះ។
សម្ដេចក្រឡាហោមក៏បានលើកទឹកចិត្តដល់អាជ្ញាធរជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ «បីកុំ មួយរាយការណ៍» គឺកុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏ បានណែនាំអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ស្របតាមពាក្យស្លោករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមាន គ្រោះថ្នាក់ចរាចរណ៍»៕ ក្រសួងព័ត៌មាន