ម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាពីពេលនេះទៅប្រកាសខ្លួនថា ជានិមិត្តរូប នៃការផ្លាស់ប្ដូរជាក់លាក់មួយនៅក្នុងប្រទេសកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជូនសារនយោបាយមួយជូនជនរួមជាតិដោយលើកឡើងថា គណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះទៅប្រកាសខ្លួនថា ជានិមិត្តរូបនៃការផ្លាស់ប្ដូរជាក់លាក់មួយនៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ ជាង ៤ ៥០០ នាក់ នាព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ពិតហើយយើងធ្លាប់បានឮ គណបក្សនយោបាយខ្លះបាននិយាយថា ពួកគេជានិមិត្តរូបនៃការផ្លាស់ប្ដូរ។ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលទៅវិញទេ ដែលជានិមិត្តរូបនៃការផ្លាស់ប្ដូររបស់ព្រះរាជាណាចក្រកម្ពុជា»។ សម្ដេចតេជោបន្តថា យើងបានឃើញជាក់ស្ដែងរួចទៅហើយថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាល បានផ្លាស់ប្ដូរ ពីវាលពិឃាតមកកាន់ការស់រានមានជីវិតឡើងវិញ ការផ្លាស់ប្ដូរពីសង្គ្រាមមកកាន់សន្តិភាព ការផ្លាស់ប្ដូរពីភាពក្រីក្រតោកយ៉ាក មកកាន់ស្ថានភាពដែលប្រទេសមួយ មានប្រាក់ចំណូលមធ្យមកម្រិតទាប និងអាចឈានទៅដល់ការផ្លាស់ប្ដូរនៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ ខណៈនៅតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ យើងនឹងអាចចេញផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីគូសបញ្ជាក់ថា នេះជាការផ្លាស់ប្ដូរមានចរឹតជាក់ស្ដែងនិយម ដែលយើងបានឃើញ ដូចជា រាជធានីភ្នំពេញនាពេលប្បច្ចុប្បន្នដែលមានអគារខ្ពស់ៗជាច្រើន។ល។ វាជានិមិត្តរូបនៃការផ្លាស់ប្ដូរ។ អ្នកដទៃគេអាចមានសិទ្ធិនិយាយ តែគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលនាំទៅដល់ការផ្លាស់ប្ដូរប្រទេសនេះ។ សម្ដេចតេជោបានអះអាងថា ដូច្នេះចាប់ពីពេលនេះតទៅ គណបក្សប្រជាជនក៏និយាយអំពីខ្លួនថាជានិមិត្តរូបនៃការផ្លាស់ប្ដូរជាក់លាក់មួយ ហើយយើងក៏បានធ្វើរឿងពិត។ សម្ដេចតេជោលើកឡើងថា ការភូតកុហកណាមួយ គឺគេមិនអាចយកដៃបាំងព្រះអាទិត្យបានទេ។ ការជាក់ស្ដែងនៅគ្រប់បណ្ដាខេត្ត រាជធានី គឺសុទ្ធតែមានការអភិវឌ្ឍទាំងអស់។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា៖ «ខ្ញុំនិយាយនេះមិនមែនយកបន្លាជួសបន្លាទេ គឺខ្ញុំយកញញួរទៅវ៉ៃបន្លា។ អីចឹង ទេសម្រាប់គណបក្សប្រជាជនកម្ពុជា ពីពេលនេះទៅប្រកាសខ្លួនថា ខ្លួនជានិមិត្តរូបនៃការផ្លាស់ប្ដូរនៅក្នុងប្រទេសកម្ពុជា។ នេះជាសារនយោបាយមួយជូនជនរួមជាតិ»៕