ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងនូវការព្រួយបារម្ភ ពីលទ្ធភាពនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តជាតិ ICC បានចេញដីកាចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី នោះ។
នៅលើបណ្ដាញតេឡេក្រាម នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន ដែលទីក្រុងម៉ូស្គូបានបដិសេធថា ជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបានជាដាច់ខាត។ ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយ នៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក ហើយរឿងនេះមិនមែនជារឿងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។
សម្ដេចតេជោបន្តថា ដីកានេះ ក៏នឹងធ្វើឱ្យមានភាពស្មុគ្រស្មាញដល់ដំណើរការស្វែងរកសន្តិភាព ក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតីចិន Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថា លោកនឹងធ្វើការសម្រុះសម្រួលដើម្បីសន្តិភាព។ ប្រទេសចិនខ្លួនឯង ក៏ត្រូវបានគេចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណា នៅពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់?
សម្ដេចតេជោលើកឡើងថា បច្ចុប្បន្ននេះ មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗ ដូចជា អាម៉េរិក រុស្ស៊ី ឥណ្ឌា និងចិន មិនបានចូលសមាជិកទេ។ ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩។ ICC មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយ ដោយគ្មានកិច្ចសហការពីរដ្ឋាភិបាលរបស់សាម៉ីប្រទេសបានទេ។ ប៉ុន្តែ ដីកាចាប់ខ្លួនរបស់ ICC នេះ នឹងធ្វើឱ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែលពិភពលោកត្រូវធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជា ការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។ ផ្ទុយទៅវិញ ដីកាចាប់ខ្លួនរបស់ ICC នេះ អាចនឹងធ្វើឱ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម្ដេចមិនដែលជឿថាសង្គ្រាមនុយក្លេអ៊ែរកើតឡើង បើទោះបីជាមានការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរក៏ដោយ។ សម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យភាគីទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងកាត់បន្ថយការនិយាយអំពីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា ឥឡូវនេះមានប្រតិកម្មហួសជ្រុលពីសំណាក់ភាគីម្ខាងទៀត ក្នុងទម្រង់ជាដីកាចាប់ខ្លួនប្រធានាធិតី ពូទីន ដែលជាមនុស្សតែម្នាក់គត់មានសិទ្ធិបញ្ជា ក្នុងការបាញ់អាវុធនុយក្លេអ៊ែរ និងជាមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់។ តើលោកពូទីន សុខចិត្តឱ្យគេចាប់ខ្លួនដោយមិនបានតទល់ ឬយ៉ាងណា ប្រសិនបើលោកពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នកទទួលខុសត្រូវនៅក្នុងប្រទេស សុខចិត្តឱ្យគេចាប់ប្រធានាធិបតីខ្លួនឬទេ។ ចំណុចនេះហើយគឺជាចំណុច ដែលឥឡូវនេះសង្គ្រាមនុយក្លេអ៊ែរស្ទើរក្លាយទៅជាការពិតទៅហើយ។
សម្ដេចតេជោបន្ថែមថា ការគំរាមកំហែងណាមួយ ទៅលើពូទីន ច្បាស់ណាស់ថាសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះ ហើយនឹងចាប់ផ្ដើមនៅក្នុងតំបន់អឺរ៉ុបតែម្ដង ហើយអ្នកដែលរងគ្រោះថ្នាក់ប្រហែលជារាប់ទាំងទីស្នាក់ការរបស់ ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរមិនមែនមានត្រឹម ២០-៣០ គីឡូម៉ែត្រនោះទេ គឺច្រើន រហូតដល់រាប់ពាន់គីឡូម៉ែត្រ។
គួររម្លឹកថា កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីសហព័ន្ធរុស្ស៊ី និងលោកស្រី Maria Alekseyevna Lvova-Belova ស្នងការទទួលបន្ទុកសិទ្ធិកុមារ នៃការិយាល័យប្រធានាធិបតីសហព័ន្ធរុស្ស៊ី ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងការនិរទេសប្រជាជនដោយខុសច្បាប់ (កុមារ) និងការផ្ទេរប្រជាជនដោយខុសច្បាប់ (កុមារ) ពីតំបន់កាន់កាប់របស់អ៊ុយក្រែន ទៅកាន់សហព័ន្ធរុស្ស៊ី៕ ដកស្រង់របស់ ទទក