ឯកឧត្តម ហាន កុសលបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូ ប្រវែង ១៨៣០ម៉ែត្រ

កំពង់ចាម នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូ ប្រវែង ១៨៣០ម៉ែត្រ ស្ថិតនៅក្នុងឃុំទំនប់ ស្រុកបាធាយខេត្តកំពង់ចាម។


តាមរបាយការណ៍របស់លោក ទឹម ដាណា អភិបាលរងនៃគណអភិបាលស្រុកបាធាយ បានអោយដឹងថា ផ្លូវក្រាលកៅស៊ូ១ខ្សែនេះ មានប្រវែង ១៨៣០ម៉ែត្រ ទទឹង៥ម៉ែត្រ មានលូមូលទាលចំនួន ២កន្លែង ឆ្លងកាត់ភូមិចំនួន២ គឺភូមិ ប្រសាំ និងភូមិស្រឹង្គ ក្នុងឃុំទំនប់ ស្រុកបាធាយ ដែលចំណាយអស់ថវិកាប្រមាណជា ១៨១.២៣៧ដុល្លា ដែលជាគម្រោងបឹងទន្លេសាបដំណាក់កាលទី២ ដែលក្រុមហ៊ុន តាំង ឆេងអ័ង ខនស្ត្រាក់សិន ជាអ្នកទទួលការសាងសង់។
ឯកឧត្តម ហាន កុសល អភិបាលរងនៃគណអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឃុំ និងស្រុកដែលបានចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន ដែលជួយកាត់បន្ថយភាពក្រីក្រដល់បងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បាននឹងកំពុងខិតខំរក្សាអោយបាននូវសន្តិភាពជូនប្រជាពលរដ្ឋ ។ ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលការសាងសង់ត្រូវធ្វើយ៉ាងណាអោយបានសមស្របតាមបទដ្ឋានបច្ចេកទេសនៃផ្លូវ ដើម្បីធានាគុណភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់អោយបានយូរអង្វែង។ឯកឧត្តមក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋដែលទទួលបានផ្លូវ១ខ្សែ សូមចូលរួមក្នុងការសហការណ៍ធ្វើផ្លូវនេះប្រសិនបើមានការប៉ះពាល់បន្តិចបន្ទួចសូមធ្វើការយោគយល់ ជាពិសេសសូចចូលរួមដាំដើមឈើ នៅតាមដងផ្លូវដែលជាចំណែកមួយក្នុងការថែរក្សាបរិស្ថាននៅក្នុងភូមិឃុំយើងអោយស្រស់ស្អាត៕

អត្ថបទដែលជាប់ទាក់ទង