លោកជំទាវ តោ ពិឡា ដឹកនាំក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជាលើកទី៥ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃ នៅឃុំបឹងណាយ ស្រុកព្រៃឈរ

លោកជំទាវ តោ ពិឡា ដឹកនាំក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជាលើកទី៥ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃ នៅឃុំបឹងណាយ ស្រុកព្រៃឈរ

លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងណាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ដែលមាន លោកទន្តបណ្ឌិត តោ ប៊ូរផា និងលោកវេជ្ជបណ្ឌិតឯកទេសភ្នែក តោ រេមី ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃក្នុងភូមិឈូកស ក្នុងឃុំបឹងណាយ ។

លោកជំទាវ តោ ពិឡា គូសបញ្ជាក់ថា នេះជាលើកទី៥ បើធៀបទៅនឹងផែនការគ្រោង ចំនួន ១៧លើក ស្មើនឹង ១៧ភូមិ ដែលយើងត្រូវ ដឹកនាំក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំងឃុំបឹងណាយ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម នាក្នុង ១សប្ដាហ៍ម្ដង នោះ ។
លោកជំទាវ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដែលតែងតែបានចាត់បញ្ជូនក្រុមការងារគ្រូពេទ្យជំនាញ ចុះបំពេញបេសកកម្មមនុស្សធម៌ ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទីនេះផ្ទាល់ ក៏ដូចជា នៅក្នុងទូទាំងប្រទេស ផងដែរ ។ ជាមួយនោះ លោកជំទាវ បានចាត់ទុកសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តមនេះ ពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា អាជ្ញាធរដែនដីក្នុងខេត្តកំពង់ចាម ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បី គាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព ផងដែរ ។

យកឱកាសនោះ លោកជំទាវ តោ ពិឡា ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តថែរក្សាសុខភាព ឲ្យបានល្អ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ ៣កុំ ៣ការពារ ដើម្បី ការពារកុំឲ្យមានជំងឺកូវិដ-១៩ ឆ្លងចូលសហគមន៍ និងបង្ការនូវជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺគ្រុនឈាម ព្រមទាំង សូមបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ឱ្យបានទាន់ពេលវេលា ។

នាឱកាសនោះដែរ លោកជំទាវ តោ ពិឡា និងក្រុមការងារ បាននាំយកអំណោយ របស់ឯកឧត្តម ប៉ាន សូរស័ក្តិ ចែកជូនស្ត្រីកូនខ្ចីចំនួន ១០នាក់ នៅភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

គូសបញ្ជាក់ដែរថា ការពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃខាងលើនេះ គឺមានកិច្ចសហការ ពីក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដោយមិនមានការរើសអើង ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យជំនាញចំនួន ១០នាក់ ។ ក្រៅពីនោះ ក្រុមគ្រូពេទ្យជំនាញបានធ្វើការពិនិត្យ និងព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋ ចំនួនសរុប ១០៥នាក់ ស្មើនឹង ២៧៨ករណី ។ ជាមួយនោះ ក្រុមគ្រូពេទ្យក៏បានបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរ ចំនួន ០១នាក់ ទៅព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង