ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ អាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ អាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យកំពង់ចាម ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានប្រៀបធៀបអាជីពជាគ្រូពេទ្យ ដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត ដូច្នេះគឺទាមទារជាចាំបាច់ណាស់នូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តខិតខំស្រាវជ្រាវសិក្សារៀនសូត្រ និងធ្វើទំនើបកម្មជាប់ជាប្រចាំទាំងលើចំណេះដឹង, បច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យដើរទាន់រាល់ការវិវឌ្ឍឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជួយដល់ការធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិក្នុងការពិនិត្យ និងព្យាបាល។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សុខភាព គឺជាទ្រព្យធនដ៏ចម្បងរបស់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល ហើយទ្រព្យធននេះនឹងផ្តល់ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់ ដរាបណាមានការថែទាំ និងលើកកម្ពស់ឱ្យបានរឹងមាំ តាមរយៈកត្តាមួយចំនួន រួមមានជាអាទិ៍៖ ទី១. បុគ្គលម្នាក់ៗមានការយល់ដឹងច្បាស់លាស់អំពីការថែទាំ និងបំប៉នសុខភាពតាមក្បួនខ្នាត និងក្រឹត្យក្រមសុខាភិបាលត្រឹមត្រូវ, ទី២. ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងផលិតផលអាហារ និងថ្នាំពេទ្យទាំងលើការផលិត និងការនាំចូល ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់, និងទី៣. ការកែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាលជាជំហានៗតាមរយៈការជំរុញសេវាសុខាភិបាលឱ្យកាន់តែខិតកៀកជិតបំផុតនឹងមូលដ្ឋានរបស់ប្រជាជន, ការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស។
ជាមួយគ្នានេះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បាន ថ្លែងអំណរគុណដល់គណៈគ្រប់គ្រង, វេជ្ជបណ្ឌិត, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង បុគ្គលិកទាំងអស់នៃសាកលវិទ្យាល័យកំពង់ចាម ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសុខាភិបាល ដែលកំពុងមានតម្រូវការខ្ពស់បម្រើឱ្យការថែទាំងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងញ៉ាំងឱ្យវិស័យសុខាភិបាលរបស់យើង អាចបន្តបោះជំហានរីកចម្រើនទៅមុខប្រកបដោយគុណភាពបន្ថែមទៀត៕
អត្ថបទដែលជាប់ទាក់ទង