ព្រះមហាក្សត្រ សម្ដេចយាងប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅប្រាសាទអង្គរវត្ត
ព្រះមហាក្សត្រ សម្ដេចយាងប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅប្រាសាទអង្គរវត្ត
សៀមរាប ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលអមព្រះរាជដំណើរដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើរូបទៀតនោះ ព្រះអង្គបានសព្វព្រះរាជហឬទ័យ សម្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រធានសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានថ្លែងថា ភ្លើងព្រះអគ្គិជ័យកីឡា មានប្រវត្តិនិងខ្លឹមសារស៊ីជម្រៅជាប់ពាក់ព័ន្ធភ្លើងកីឡាអូឡាំពិក ដែលកាលពីប្រមាណ២០០០ ឆ្នាំមុន គ.ស រៀងរាល់ការប្រារព្ធពិធីប្រកួតកីឡាអូឡាំពិកបុរាណ នៅលើភ្នំអូឡាំព្យ៉ា ប្រទេសក្រិកបុរាណបានយកភ្លើងពីកម្ដៅព្រះអាទិត្យ ដើម្បីបើកការប្រកួតកីឡាអូឡាំពិក រហូតមកដល់បច្ចុប្បន្ន។
ឯកឧត្ដមបានបញ្ជាក់ថា ព្រះអគ្គិជ័យកីឡា មានអត្ថន័យជ្រាលជ្រៅ ស៊ីជម្រៅជានិមិត្តរូបនៃកម្លាំងថាមពលជីវិតមនុស្សសត្វ និជាសុភាវធម៌ដ៏បរិសុទ្ធ ដែលផ្ដល់នូវសេចក្ដីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមប្រធានបទ «កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព»។ ឯកឧត្ដមបន្តថា គ្រប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅអន្តរជាតិ អូឡាំពិកអាស៊ី និងអូឡាំពិកនៅអាស៊ីអាគ្នេយ៍ តែងបានរៀបចំការរត់ភ្លើងគប់ទៅកាន់ប្រទេសជាសមាជិក មុនចូលដល់ប្រទេសម្ចាស់ផ្ទះ។ ទន្ទឹមនេះ ផ្ដើមចេញពីប្រវត្តិ និងខ្លឹមសាព្រះអគ្គិជ័យកីឡា ទើបព្រះរាជាណាចក្រកម្ពុជា រៀបចំព្រះរាជពីធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡានាពេលនេះ ដើម្បីទទួលបានព្រះអគ្គិជ័យកីឡា រត់ដង្ហែភ្លើងគប់ និងប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។
ឯកឧត្ដម ថោង ខុន បានឱ្យដឹងដែរថា មកដល់ពេលនេះ កម្ពុជាបានទទួលការចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ មកចូលរួមប្រកួត មានចំនួន ១១ ៤៥៣ រូប គឺជាសញ្ញានៃកម្លាំសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការ ក្នុងមហាគ្រួសារចលនាអូឡាំពិកតំបន់ និជាសក្ខីភាពនៃការគាំទ្រយ៉ាងពេញទំហឹង ក្នុងដំណើរឆ្ពោះទៅជោគជ័យរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
ក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានមានប្រសាសន៍ថា ថ្ងៃនេះ នៅសល់តែ៤៥ទៀតនឹងឈានដល់ការធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី៣២ និងនៅសល់៧៤ថ្ងៃទៀត នឹងធ្វើម្ចាស់ផ្ទះការកីឡា ASEAN Para Games ទី១២ ដែលទាមទារយើងទាំងអស់គ្នា កម្លាំងកា យ ចិត្ត រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាប្រវត្តិសាស្ត្រនេះឱ្យប្រព្រឹត្តទៅទទួលបានជោគជ័យកីឡា SEA Games-ASEAN Para Games 2023 ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជា បានរង់ចាំពេល៦៤ឆ្នាំ ទើបរដ្ឋាភិបាល សម្រេចយកឆ្នាំ២០២៣ ធ្វើម្ចាស់រៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games។
សម្ដេចពិជ័យសេនាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងបង្ហាញមុខមាត់លើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា និងជាកម្លាំងថាមពល ដែលត្រូវដាក់ បង្ហាញពិភពលោកយល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងសង្គមខ្មែរដ៏រុងរឿង ថ្កុំថ្កើង បន្ថែមទៀត តាមរយៈនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ដ៏ធំបែបនេះ។
សម្ដេចពិជ័យសេនាបានបន្ថែមថា ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 ប្រារព្ធឡើងក្រោមព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសដ៏មហោឡារិកនេះ បានបង្កប់ដោយ ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ ដែលជាសិល្បៈ និងវប្បធម៌ដ៏ចំណាស់មួយនៅក្នុងតំបន់ និងជាព្រះអគ្គិជ័យកីឡាប្រកបដោយអច្ឆរិយភាព ដែលមិនត្រឹមតែឆ្លុះបញ្ចាំងអំពីអំណាចទេវតាថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះអគ្គិតំណាងឱ្យភាពរុងរឿងនៃកីឡានៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា “កីឡារស់ក្នុងសន្តិភាព”។
គួរបញ្ជាក់ដែរថា បន្ទាប់ពីការប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ពីព្រះករុណាព្រះមហាក្សត្រ ដល់អត្តពលិកចំនួន២រូប ដែលកាន់ភ្លើងគប់កីឡារួចមក អត្តពលិកចំនួន២រូបនេះ ដែលអមដោយអត្តពលិកគុនល្បុក្កតោ ចំនួន៧រូប បានកាន់ភ្លើងគប់កីឡារត់តិចៗ ដង្ហែជុំវិញវង់តូចអង្គរ ដែលមានចម្ងាយជាង ១៨ គីឡូម៉ែត្រ រួចបន្តយកទៅតម្កល់នៅព្រះវិហារវត្តរាជបូណ៌ក្នុងខេត្តសៀមរាប មុនពេលដង្ហែទៅប្រទេសក្នុងតំបន់អាស៊ាន។ តាមកម្មវិធីដែលបានគ្រោងទុក ការដង្ហែភ្លើងគប់ទៅប្រទេសជាសមាជិកប្រកួតស៊ីហ្គេម នឹងចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ រហូតដល់កាលបរិច្ឆេទបើកការប្រកួតស៊ីហ្គេមលើកទី៣២ នៅខែឧសភា ឆ្នាំ២០២៣ ជាផ្លូវការ៕ដោយ៖ ជឹម ណារី, ផ្សាយដោយ៖ កន ចំណាន