រដ្ឋាករទឹកអំពាវនាវឱ្យពលរដ្ឋ ប្រើប្រាស់ទឹក ដោយសន្សំសំចៃ ក្នុងរដូវប្រាំងនេះ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹក ក្នុងរដូវប្រាំង ឆ្នាំ២០២៣ និងដំណោះស្រាយ ដែលក្នុងនោះ រដ្ឋាករទឹក សុំការយោគយល់ និងអធ្យាស្រ័យ ចំពោះការខ្វះទឹកប្រើប្រាស់ នៅរដូវប្រាំង និងអំពាវនាវឱ្យពលរដ្ឋ ប្រើប្រាស់ទឹក ដោយសន្សំសំចៃ ។
រដ្ឋាករទឹកអំពាវនាវដល់ប្រជាពលរដ្ឋ បែបនេះ កាលពីថៃ្ងទី ២៣ ខែមីនា ឆ្នាំ ២០២៣ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពណ៌នានៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថាៈ ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានទទួលព័ត៌មាន អំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហា ខ្វះទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ និងគ្មានទឹក ក្នុងបណ្តាញទឹក ជាដើម។ បញ្ហាទឹកមានសម្ពាធខ្សោយ ភាគច្រើន កើតឡើងនៅក្នុងសង្កាត់ ៣១/១១៥ ជាយ រាជធានីភ្នំពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក, ៦សង្កាត់ នៃខណ្ឌសែនសុខ, សង្កាត់គោករការ, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្នេ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក, សង្កាត់កន្ទោក, សង្កាត់កំបូល, សង្កាត់ចោមចៅ១, ២, និង ៣, សង្កាត់កាកាប១, និង២, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ជើងឯក, សង្កាត់ស្ទឹងមានជ័យ ១,២ និង៣, សង្កាត់ព្រែកកំពឹស, សង្កាត់ព្រែកហូរ, សង្កាត់ស្វាយរលំ, សង្កាត់ព្រែកថ្មី, សង្កាត់ក្បាលកោះ ។
រ.ទ.ស.ភ ចាត់ទុកកង្វល់របស់អតិថិជន គឺជាកង្វល់ និងការទទួលខុសត្រូវរបស់ខ្លួន និងសូមអតិថិជន ដែលជួបបញ្ហាទឹកស្អាតទាំងអស់ មេត្តាយោគយល់, អធ្យាស្រ័យ, ខន្តីអភ័យទោស និងសូមមេត្តាជឿជាក់ថា រ.ទ.ស.ភ នឹងធ្វើការដោះស្រាយបញ្ហា ខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ។ ដើម្បីដោះស្រាយបញ្ហាទឹកស្អាត សម្រាប់ទាំងអស់គ្នាបាន រ.ទ.ស.ភ សូមជូនព័ត៌មាន ត្រឡប់, វិធានការដោះស្រាយ និងសំណូមពរជូនអតិថិជន ទាំងអស់ មេត្តាចូលរួមសហការ ដូចខាងក្រោម៖
យោងតាមរបាយការណ៍សិក្សាតម្រូវការទឹករបស់ រ.ទ.ស.ភ ឆ្នាំ២០១៦-២០៣០ បានបង្ហាញថា រាជធានីភ្នំពេញ មាននិន្នាកាខ្វះទឹកស្អាតប្រើប្រាស់នាឆ្នាំ២០១៦ និងឆ្នាំ២០១៧ និងចាប់ផ្ដើមខ្វះទឹកប្រើប្រាស់ ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ ២០២៣ ជាក់ស្ដែង នៅឆ្នាំ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់ បានកើនឡើង ជាង ៨៩ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់ រ.ទ.ស.ភ មានប្រមាណតែ ៦៤ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃតែប៉ុណ្ណោះ មានន័យថា រ.ទ.ស.ភ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ។
ស្ថិតក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល, ក្រសួងអាណាព្យាល, ក្រុមប្រឹក្សាភិបាល, បានយល់អំពីសភាពការណ៍ខ្វះទឹកស្អាតប្រើប្រាស់ និងបានជួយគាំទ្រ រ.ទ.ស.ភ យ៉ាងពេញទំហឹង ក្នុងការផ្តល់ទុនវិនិយោគ ដើម្បីឲ្យ រ.ទ.ស.ភ មានលទ្ធភាពសាងសង់ រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបាន ក្នុងបរិមាណ ៤០ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មី ជិត ១ ពាន់គីឡូម៉ែត្រ ដើម្បីដោះស្រាយ បញ្ហាខ្វះទឹកជាជំហានៗ ឲ្យខាងតែបាន ចាប់ពីឆមាសទី ១ ឆ្នាំ ២០២៣ នេះតទៅ ។
រ.ទ.ស.ភ សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹក ស្អាតថ្មី នឹងផលិតចែកចាយទឹកស្អាតបាន ក្នុងបរិមាណ ២០ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ ម៉ឺន ម៉ែត្រគូប ក្នុងមួយថ្ងៃ ពោលគឺ រ.ទ.ស.ភ មានសមត្ថភាពផលិត ៨៤ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការទឹកស្អាត ៨៩ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងមានន័យថា រ.ទ.ស.ភ បានដោះស្រាយបញ្ហាខ្វះទឹកស្អាត បានជាង ៩០% ហើយ ។
ដោយឡែក ចាប់ពីដើមឆ្នាំ២០២៤ រ.ទ.ស.ភ នឹងអាចផលិត ទឹកស្អាតបាន ២០ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ បន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុប របស់ រ.ទ.ស.ភ មានរហូតដល់ជាង ១ លានម៉ែត្រគូប ក្នុងមួយថ្ងៃ ។
សរុបសេចក្តីមក ចាប់ពីដើមឆ្នាំ២០២៤ តទៅ សមត្ថភាពផលិតទឹកស្អាតរបស់ រ.ទ.ស.ភ មានជាង ១ លានម៉ែត្រគូប ក្នុងមួយថ្ងៃ ធៀបនឹងការព្យាករណ៍តម្រូវការទឹក ដែលមានប្រមាណ ៩០ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ មានន័យថា អតិថិជនរស់នៅ រាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់ មានទឹកប្រើប្រាស់គ្រប់គ្រាន់ ៕ សុខ ផន