ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ច្រកម្ទេស ក្រុងបាវិត ចុះជួបជាមួយក្រុមការងារនិងត្រួតពិនិត្យ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ច្រកម្ទេស ក្រុងបាវិត ចុះជួបជាមួយក្រុមការងារនិងត្រួតពិនិត្យទីតាំងដែលត្រូវរៀបចំធ្វើពិធីសង្ក្រាន្តវិទ្យាល័យជីភូ នាថ្ងៃខាងមុខ


(ខេត្តស្វាយរៀង): លោក ស៊ុយ ជីហ៊ាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត និងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្រកម្ទេស ព្រមទាំងសហការី និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារសង្កាត់ច្រកម្ទេស ព្រមទាំងលោកនាយក.លោកគ្រូ.អ្នកគ្រូនៅសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនជីភូ និងវិទ្យាល័យហ៊ុនសែនជីភូ ព្រមទាំងពិនិត្យទីតាំងដែលត្រូវរៀបចំធ្វើពិធីសង្ក្រាន្ត ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនោះលោក ស៊ុយ ជីហ៊ាង បានជម្រុញឲ្យក្រុមការងារទាំងអស់ត្រូវផ្សព្វផ្សាយដល់សិស្ស សិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋទូទៅដើម្បីចូលរួមកំសាន្តសប្បាយទាំងអស់គ្នាអបអរសាទរនៅក្នុងពិធីសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលឆាប់ៗខាងមុខនេះទៅតាមទំនៀមទំលាប់វប្បធម៌ប្រពៃណីខ្មែរដែលមានតាំងតែពីបុរាណ តរៀងមកជ្រកក្រោមដំបូលសន្តិភាពតែមួយរួមគ្នា។

លោកបានបន្តទៀតថា: ដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តទៅបានដោយរលូននោះ យើងទាំងអស់គ្នាត្រូវត្រៀមឲ្យហើយទាំងផ្នែក សន្តិសុខសណ្តាប់ធ្នាប់ សោភណ្ឌភាព បរិស្ថាន អនាម័យ មានទាំងរថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់ផងដែរ។

លោក ម៉ែន អេង អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ច្រកម្ទេស ព្រមទាំងក្រុមការងារដែលជានិច្ចជាកាលតែងតែមានការយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកា សង្កាត់ ក៏ដូចជាបញ្ហាជីភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំងមូលនាពេលកន្លងមកបានកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកពុទ្ធចក្រនិងអនាចក្រនៅក្នុងមូលដ្ឋានឲ្យមានការរីកចំរើនគួរទាទីមោទន:។

លោកអភិបាលរងខេត្ត បានបន្តទៀតថា: ពាក់ព័ន្ធទៅនិងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនាពេលខាងមុខនេះ លោកសំណូមពរសូមឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តការយកចិត្តទុកដាក់ឲ្យបានខ្ពស់នូវបញ្ហាគ្រោះអគ្គីភ័យដែលវាអាចកើតមានជាយថាហេតុ ត្រូវបង្ក្រាបឲ្យអស់កុំឲ្យមានក្រុមក្មេងទំនើងដើរអុកឡុកក្នុងកម្មវិធីនៅមូលដ្ឋានរបស់ខ្លួន ជាងនេះទៅទៀតកុំភ្លេចថែរក្សាសុខភាពរបស់ខ្លួនឯងផងពីព្រោះថាសុខភាពគឺជាបញ្ហាចម្បងរបស់មនុស្សគ្រប់គ្នាដែលត្រូវតែយកចិត្តទុកដាក់ដោយខានពុំបាន៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង