ឯកឧត្តម អ៊ុន ចាន់ដា មន្ត្រីត្រួតពិនិត្យ និងចុះសម្ភាសន៍ មានតួនាទីសំខាន់ ក្នុងការប្រមូលទិន្នន័យស្ថិតិ និងអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច
កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា មន្ត្រីត្រួតពិនិត្យ មន្ត្រីចុះសម្ភាសន៍កត់ត្រាទិន្នន័យ មានតួនាទីសំខាន់ ក្នុងការសម្ភាសន៍ប្រមូលទិន្នន័យស្ថិតិ ព្រមទាំង ព័ត៌មានអំពីការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រទេសជាតិ ។ ឯកឧត្តមអភិបាលខេត្ត ថ្លែងយ៉ាងដូច្នេះ ខណៈពេលអញ្ជើញចូលរួមជាអធិបតី ជាមួយ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការប្រមូលទិន្នន័យជំរឿនកសិកម្ម នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ សម្រាប់មន្ត្រីត្រួតពិនិត្យ មន្ត្រីចុះសម្ភាសន៍កត់ត្រាទិន្នន័យ នៅមន្ទីរផែនការខេត្ត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៣ នេះ ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់នូវអនុសាសន៍អំពីតួនាទី និងសារៈប្រយោជន៍ នៃទិន្នន័យស្ថិតិ ព្រមទាំង ព័ត៌មានអំពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច របស់ប្រទេស និងឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ ដែលយើងជួបប្រទះនៅក្នុងដំណើរការអភិវឌ្ឍ។
ជាមួយនឹង ឯកឧត្តម អ៊ុន ចាន់ដា បានស្នើសុំឲ្យ លោក លោកស្រី ជាសិក្ខាកាម ក្នុងវគ្គបណ្ដុះបណ្ដាលនេះ សូមយកចិត្តទុកដាក់ផងដែរលើចំណុចគន្លឹះ ដែលមានចែងនៅក្នុងច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជាមើលឃើញថាជាបញ្ហសំខាន់ ហើយជាអាទិភាពខ្ពស់ សម្រាប់ការស្វែងរក និងការទទួលបាន ថវិកាពីដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការងារជំរឿនកសិកម្ម នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ និងនិយាយដោយឡែក ការងារជំរឿនកសិកម្ម នៅខេត្តកំពង់ចាម សូមលោក លោកស្រី ដែលជា សមាជិកគណៈកម្មាធិការជំរឿនកសិកម្មខេត្ត ជាពិសេស លោកប្រធានមន្ទីរផែនការខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បី ឲ្យការងារជំរឿនកសិកម្ម ដែលប្រើប្រាស់ថវិកាជាតិ ស្ទើរតែទាំងស្រុងនេះ ទទួលបានលទ្ធផលល្អ និងប្រកបដោយគុណភាពខ្ពស់ ៕