ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ និងព្រៃវែង ផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងពង្រឹងកិច្ចសហការ បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទខេត្តជាប់ព្រំប្រទល់
( ត្បូងឃ្មុំ ): ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ និងព្រៃវែង នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ បានបើកកិច្ចប្រជុំស្ដីពីការផ្លាសប្ដូរព័ត៌មាន បទពិសោធន៍ និងពង្រឹងកិច្ចសហការ បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់នាយកឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
កិច្ចប្រជុំនោះ ធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី អគ្គស្នងការរងនគរបាលជាតិ ស្នងការ/ស្នងការរងនគរបាលខេត្តទាំង ៤ អធិការស្រុក/ក្រុងទាំង ៧ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា គោលដៅក្នុងកិច្ចប្រជុំនាពេលនេះ គឺដើម្បីបន្តអនុវត្ត បង្ការទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើសឧក្រិដ្ឋ ក្នុងគោលបំណងចូលរួមកាត់បន្ថយបទល្មើសព្រហ្មទណ្ឌឲ្យមានការថយចុះ និងស្របតាមផែនការសកម្មភាព ឆ្នាំ ២០២៣ រួមមាន ជំរុញតាមបណ្តាស្នងការដ្ឋានខេត្ត សហការជាមួយក្រុមការងារ នៃនាយកដ្ឋានជំនាញ ដើម្បីធ្វើបញ្ជីគ្រប់គ្រងនិងតាមដានបច្ចុប្បន្នភាពបទឧក្រិដ្ឋ ឲ្យបានទៀងទាត់ ជំរុញការតស៊ូរាយការណ៍លើសំណុំរឿងបទឧក្រិដ្ឋ និងស្រាវជ្រាវស្វែងរកបង្ក្រាបចាប់ខ្លួនជនសង្ស័យ ដែលនៅសេសសល់ និងពង្រឹងការកសាងឯកសារផ្នែកបច្ចកទេសនិងវិទ្យាសាស្ត្រ បញ្ចូលក្នុងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ សហការជាមួយការិយាល័យជំនាញពាក់ព័ន្ធ ( ព្រហ្មទណ្ឌធ្ងន់-ស្រាលគ្រឿងញៀន និងជួញដូរ ) ធ្វើសាវតាជាតិ និងប័ណ្ណសារមុខសញ្ញាឃាត់ខ្លួនពាក់ព័ន្ធ និងការ លួច ឆក់ប្លន់ ។ល។
ជាមួយគ្នានោះ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តទាំង៤ ត្រូវយកចិត្តទុកដាក់ក្តាប់សភាពការណ៍បទល្មើស និងកិច្ចប្រតិបត្តិការបង្ការបង្ក្រាបឲ្យទាន់ពេលវេលារាល់បទល្មើសដែលបានកើតឡើង ប្រមូលកម្លាំងចាត់តាំងល្បាតជាប្រចាំ ទាំងរូបភាពចំហ និងសម្ងាត់ ធ្វើការសិក្សាវាយតម្លៃអំពីមុខសញ្ញាពាក់ព័ន្ធបទល្មើសគួបផ្សំនឹងកាស៊ើបអង្កេតប្រកបទៅដោយជំនាញច្បាស់លាស់ ជំរុញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរបបរាយការណ៍អំពីបទល្មើស ហើយសហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋអំណាចមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាជន មហាជន ក្នុងការក្ដាប់កាសភាពការណ៍ដើម្បីតប់ស្កាត់និងបង្ក្រាបបទល្មើដែលកើតមានឡើងទាន់ពេលវេលាផងដែរ ។
ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បញ្ជាក់ពីសភាពការណ៍ និងលទ្ធផលនៃការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របស់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ ២០២២ កន្លងរួមមាន ខេត្តត្បូងឃ្មុំ លាតសន្ធឹងតាមបណ្ដោយទន្លេមេគង្គ និងជាខេត្តជាប់ព្រំដែន មានព្រំប្រទល់ ខាងលិចទល់នឹង ខេត្តកំពង់ចាម ខាងកើតទល់នឹង ខេត្តតៃនិញ និងខេត្តប៊ិញភឿក ប្រទេសវៀតណាម ខាងជើងទល់នឹងខេត្តក្រចេះ ខាងត្បូងទល់នឹងខេត្តព្រៃវែង និងខេត្តតៃនិញប្រទេសវៀតណាម មានផ្ទៃដីសរុប ទំហំ 5,250,52 គម ២ មានក្រុង ០១ និងស្រុក ៦ មានឃុំ-សង្កាត់ ចំនួន ៦៤ និងភូមិ ចំនួន 875 ភូមិ មានប្រ/រដ្ឋ សរុបចំនួន 850,564នាក់ ស្រី 417,175នាក់ គិតជាគ្រួសារ ស្មើនឹង 205,756គ្រួសារ ។
ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា បន្តថា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសហការជាមួយ ខេត្តជាប់ព្រំប្រទល់ ខេត្តកំពង់ចាម ក្រចេះ និងព្រៃវែង ដោយអនុវត្តន៍តាមតួនាទី និងភារកិច្ច ការងាររបស់ថ្នាក់ដឹកនាំប្រគល់ជូន បានយ៉ាងល្អប្រសើរ នាពេលកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយជាលទ្ធផល ក្នុងឆ្នាំ ២០២២ រួមមាន៖
-បទល្មើសព្រហ្មទណ្ឌ = ១៥៧លើក ថយ ១៣លើក ស្មើនឹង 8%,ឧក្រិដ្ឋ ២៣ លើក ថយ ៦ លើក ស្មើនឹង ២១%,មជ្ឈិម = ១៣៤លើក ថយ ៧លើក ស្មើនឹង5% ។
ក្នុងនោះ លទ្ធផលបង្ក្រាប៖ ១៤៤លើក ឃាត់ខ្លួន ១៨៤ នាក់ ស្មើនឹង 92% ឧក្រិដ្ឋ ១៩ លើក ឃាត់ខ្លួន ២៣ នាក់ មជ្ឈិម ១២៥ លើក ឃាត់ខ្លួន ១៦១ នាក់ ។
បទល្មើសគ្រឿងញៀនៈ បង្ក្រាប់ការជួញដូរ៦៥លើក ឃាត់ខ្លួន១២៣នាក់ ស្រី១២នាក់ បង្រ្កាបគ្រឿងញៀន ២៨១ លើក ឃាត់ខ្លួន ៤៦៣នាក់ ស្រី ២២ នាក់ រក្សាទុក ដឹកជញ្ជូន១៧៣លើក ឃាត់ ២០ នាក់ ស្រី ១០ នាក់ ។
ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បាននាំយកសម្ភារៈបម្រើអោយនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រមកចែកជូនស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តក្រចេះ នាឱកាសនោះផងដែរ ៕ សុខ ផន