សាលកីឡាបាល់ទះស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសមិទ្ធផលនានា មានតម្លៃជាង ១៧ មុឺនដុល្លា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ
(ត្បូងឃ្មុំ): សាលកីឡាបាល់ទះស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសមិទ្ធផលនានា មានតម្លៃប្រមាណ ១៧៤.៧៧៥ ដុល្លាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ តាមរយៈឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមឧបត្ថម្ភពីសប្បុរសជននានាផងដែរនោះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ។
ពិធីសម្ពោធប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ ។
ក្នុងនោះមានការអញ្ជើញចូលរួមពី អគ្គស្នងការរងនគរបាលជាតិ ស្នងការ/ស្នងការរងនគរបាលខេត្តចំនួន៤ ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អធិការស្រុក/ក្រុងទាំង ៧ ក្រុមកីឡាករចំនួន៣ក្រុម រួមមាន កីឡាករស្នងការនគរបាលខេត្តត្បូងឃ្មុំ/ខេត្តកំពង់ចាម/ខេត្តក្រចេះ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ លើកឡើងថា ៖ សមិទ្ធផលក្លឹបកីឡាដ្ឋានបាល់ទះនិងហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តត្បូងឃ្មុំ សូមសម្ដែងនូវការអរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ តាមរយៈឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា និងសប្បុរសជននានា ដែលបានផ្តល់ការឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដើម្បីជួយគាំទ្របង្កើតបានជាសមិទ្ធផលថ្មីនេះឡើង សម្រាប់បង្កលក្ខណៈងាយស្រួលដល់វិស័យអប់រំនិងកីឡា ជាពិសេសប្រភេទកីឡាបាល់ទះ ដែលជាឪកាសដល់ជួរយុវ័យឲ្យខិតខំប្រឹងប្រែងលើវិស័យនេះ ឲ្យមានការរីកចម្រើនកាន់តែប្រសើរឡើងនៅទូទាំងខេត្តត្បូងឃ្មុំ ។
បើតាមការឲ្យដឹងពីឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា បានបញ្ជាក់ពីស្ថានភាពនៃក្លឹបកីឡដ្ឋានបាល់ទះរបស់ស្នងការដ្ឋាននករបាលខេត្តត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើង នៅខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាលទះកម្ពុជា ។ ក្នុងនោះ ក្លឹបកីឡាបាលទះស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចូលរួមប្រកួតដណ្តើមពានចំនួន ០៥លើក (ថ្នាក់ជាតិ ០៣លើក និងថ្នាក់ខេត្ត ០២លើក) ។
ឯកឧត្តម បន្ថែមថា ៖ សមិទ្ធផលនានា និង ការសាងសង់អគារសាលកីឡដ្ឋានបាល់ទះ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចុះបឋមសិលាកសាងកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ដែលត្រូវចំណាយថវិកាកសាងសរុប ១៧៤.៧៧៥ $ អគារសាលកីឡដ្ឋានបាល់ទះ បានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ ជាលទ្ធផលនៃការសាងសង់រួច រួមមាន៖ សាលកីឡដ្ឋានបាល់ទះ មានទំហំ (២៥,៥ x ២៧ម៉ែត្រ) និងកម្ពស់១១ម៉ែត្រ -បំពាក់ដោយអំពូលហ្វាមានទំហំ១ពាន់វ៉ាត់ ចំនួន១២គ្រាប់ មានបន្ទប់ទឹក០៤ និងកម្ពស់ហ្វីឡេ២,៥៥ម៉ែត្រ កីឡាករសំរាប់ប្រកួតមានចំនួន១២នាក់ ម្ខាងៗមានចំនួន០៦នាក់ ផ្លូវបេតុង និងសួនច្បារផងដែរ ។
សូមបញ្ជាក់ថា ពិធីសម្ពោធសាលកីឡាបាល់ទះស្នងការនគរបាលខេត្តត្បូងឃ្មុំ នាពេលនោះដែរ ក៏មានការប្រកួតកីឡាបាលទះមិត្តភាព ដែលក្រុមកីឡាករចូលរួមចំនួន ០៣ក្រុម មកពីស្នងការនគរបាលខេត្តចំនួន៣ រួមមាន ក្រុមកីឡាករស្នងការនគរបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ ។
ក្រោយការប្រកួតយ៉ាងស្វិញស្វាញ ជាលទ្ធផលក្រុមកីឡាករបាល់ទះស្នងការនគរបាលខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភីលេខ១ ទទួលបានថវិកា២លានរៀល ជ័យលាភីលេខ ២ បានទៅលើក្រុមកីឡាករបាល់ទះស្នងការនគរបាលខេត្តកំពង់ចាម ទទួលបានថវិកា១លាន៥សែនរៀល និងជ័យលាភីលេខ៣ បានទៅលើក្រុមកីឡាករបាល់ទះស្នងការនគរបាលខេត្តក្រចេះ ទទួលបានថវិកា១លានរៀលផងដែរ ក្នុងនោះ ក៏មានការឧបត្ថម្ភ ដល់ក្រុមការងារបច្ចេកទេសLive ថវិកា៨០ម៉ឺនរៀល គណៈកម្មការបច្ចេកទេសរៀបចំការប្រកួតបាល់ទះថវិកា ១លាន៥សែនរៀល និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ថវិកាចំនួន១២លានរៀល ៕