សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បំពាក់នូវបរិក្ខារទំនើបៗ អគារធំស្កឹមស្កៃ នាថ្ងៃទី ៣ ខែមេសា ខាងមុខនេះ

( ត្បូងឃ្មុំ ):

ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណើរ ព្រមទាំងឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកក្រូចឆ្មារ និងអ្នកពាក់ព័ន្ធ នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំប្រារព្ធពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ នាថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ឯកឧត្តម យូ ស៊ុនឡុង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ ព្រមទាំងក្រុមការងារបានចុះពិនិត្យ រៀបចំ ចាត់ចែង កំណត់ទីតាំង ដាក់ផែនការ ធ្វើយ៉ាងណាឲ្យពិធីសម្ពោធប្រព្រឹត្តិទៅដោយសុខសុវត្ថិភាព ដំណើរការកម្មវិធីបានរលូន តាមការគ្រោងទុក ។
សូមជម្រាបថា: មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មានអគារធំៗចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់ ៤ ជាន់ ស្មើ ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ ជាន់ទី ៣ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដឹកនាំការសាងសង់ដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ។
ពាក់ព័ន្ធសមិទ្ធិផលថ្មីធំស្កឹមស្កៃ លើវិស័យសុខាភិបាលនេះ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ពិសេសក្នុងស្រុកក្រូចឆ្មារ បង្ហាញអារម្មណ៍សប្បាយរីករាយចំពោះការទទួលបានសេវាសុខាភិបាលកម្រិតស្តង់ដារខ្ពស់ សម្ភារៈទំនើប និងក្រុមគ្រូពេទ្យជំនាញៗមកព្យាបាល ដោយមានទីតាំងនៅកៀកជិតនឹងផ្ទះរបស់បងប្អូន ជួយកាត់បន្ថយថវិកា និងពេលវេលា ក្នុងការធ្វើដំណើរ និងពិនិត្យព្យាបាល ក្រោមការគិតគូរបំផុតពីសំណាក់សម្តេចតេជោហ៊ុនសែន ក្រោមម្លប់សន្តិភាពនៃកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង