រាជរដ្ឋាភិបាលកម្ពុជា សម្តែងការសោកស្ដាយចំពោះសេចក្ដីសម្រេចរបស់ EU ហើយថា ការសម្រេចនេះ ពុំបានទទួលស្គាល់ និងគោរពអធិបតេយ្យរបស់កម្ពុជា
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី១២ ខែកុម្ភៈនេះ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយអះអាងថា ការសម្រេចនេះ ពុំបានទទួលស្គាល់ និងគោរពអធិបតេយ្យរបស់កម្ពុជាឡើយ។
ក្រសួងការបរទេសបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្ដាយចំពោះសេចក្ដីសម្រេចដ៏អយុត្តិធម៌ របស់គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃ ប្រព័ន្ធអនុ គ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ដែលអនុលោមតាមមាត្រា ១៩ នៃបទប្បញ្ញត្តិ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។ ទស្សនាទាន ស្តីពី “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដូចបានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់ តាមទំនើងចិត្ត ដើម្បី ចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
បើតាមក្រសួងការបរទេស ទោះជាផ្អែកលើគុណតម្លៃ និងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ របស់ សហភាពអឺរ៉ុប ក៏ដោយ ក៏សេចក្តី សម្រេចនេះ ត្រូវបានជំរុញដោយហេតុផល នយោបាយ ដោយគ្មាន ការពិចារណាប្រកប ដោយ កត្តា សត្យានុម័ត និង ភាព មិន លំអៀង ។ កត្តា ទាំងពីរ នេះ គឺ ជា គោល ការណ៍ គ្រឹះ ដែលស្ថាប័ន អន្តរជាតិ តួយ៉ាង ដូចជា គណៈ កម្មការ អឺរ៉ុប ត្រូវតែប្រកាន់ខ្ជាប់ខ្ជួន ។ សេចក្តី សម្រេចនេះ មិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែល យើង ប្រៀបធៀប ប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុបជាមួយនឹង ដៃគូ ពាណិជ្ជកម្មដទៃទៀត។ ទោះបី ជា សេចក្តីសម្រេចនេះបាន ទទួល ស្គាល់ “វឌ្ឍនភាពជាក់ស្តែង” ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅក្នុង វិស័យ ជាច្រើន ក្នុងការ ឆ្លើយតបទៅនឹង ក្តី កង្វល់របស់ គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេច នេះ ពុំ បាន ទទួល ស្គាល់ និង គោរព បញ្ហា ជាមូលដ្ឋាន នៃ អធិបតេយ្យ របស់ កម្ពុជា ដែល ពុំ មែន ជាកម្មវត្ថុ នៃ ការ ចរចា ប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុ នៃ ការ ផ្លាស់ប្តូរដើម្បីជំនួយ អភិវឌ្ឍន៍នោះឡើយ ។ រាជរដ្ឋាភិបាល កម្ពុជាប្រកាន់ យ៉ាងម៉ឺងម៉ាត់ នូវ ជំហរ
គោលការណ៍ ក្នុងកា រ បដិសេធ រាល់ ការប៉ុនប៉ង ដោយ ដៃគូ ខាងក្រៅ ក្នុង ការ ប្រើ ប្រាស់ ពាណិជ្ជកម្ម ឬ ជំនួយ អភិវឌ្ឍន៍ ដើម្បីជា លេសក្នុងការ ជ្រៀតជ្រែក ចូល កិច្ច ការ ផ្ទៃក្នុង របស់ កម្ពុជា។ លើកលែងតែដំណើរការនៃនីតិវិធីតុលាការមួយរមួយ គត់ ដែលកំពុងត្រូវបានអនុវត្តដោយអនុលោមយ៉ាង ពេញលេញ តាម ច្បាប់កម្ពុជា និងស្ថិត នៅក្រោម យុត្តាធិការ នៃ អំណាច ឯករាជ្យ និង អធិបតេយ្យ របស់ កម្ពុជា ក្រៅពីនេះ សកម្មភាពទាំងអម្បាលមាន របស់ រាជ រដ្ឋាភិបាលកម្ពុជាដែល បាន ស្តែងចេញ ក្នុង ដំណាក់កាល នៃកិច្ច សន្ទនា គឺមាន ខ្លឹមសារ គួរឱ្យ កត់សម្គាល់លើស ពី អ្វី ដែល ជា ក្តី កង្វល់ របស់ សហភាពអឺរ៉ុប ទៅទៀត។ ដោយឡែកចំពោះ បញ្ហាទំនាស់ដីធ្លី សិទ្ធិការងារ និងសេរីភាពសារព័ត៌មានដែល គណៈកម្មការ អឺរ៉ុបបានទទួលស្គាល់ថា មានវឌ្ឍនភាពជាក់លាក់នោះ ក៏ រាជរដ្ឋាភិបាលនៅតែ បន្តដោះស្រាយកង្វះខាតនានា ដែលនៅសេសសល់បន្ថែម ទៀតដែរ ។
ចំពោះលំហនយោបាយវិញ រាជ រដ្ឋាភិបាលបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង តាម ដែល អាច ធ្វើ ទៅបាន ប្រកបដោយ ភាពស្មោះត្រង់ លើកលែងតែសកម្មភាពទាំងឡាយ ណាដែលប៉ះពាល់នឹងអធិបតេយ្យជាតិប៉ុណ្ណោះ។ ដើម្បីទុក ជា កំណត់ ហេតុ និងឈរលើ គោលការណ៍ តម្លាភាព កម្ពុជាសូមគូសបញ្ជាក់ថា កម្ពុជា តែងតែ ប្រកាន់ខ្ជាប់ នូវ ប្រព័ន្ធប្រជាធិបតេយ្យពហុបក្សដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមក្នុងការបោះឆ្នោតចុងក្រោយ បង្អស់ នៅឆ្នាំ ២០១៨។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានអង្គការមិនមែនរដ្ឋាភិបាលក្នុង ស្រុក និងសមាគម ដែលបានចុះបញ្ជីចំនួន ៥.៤៤១ ស្ថាប័នសារព័ត៌មានចំនួន ៨០០ សារព័ត៌មានអនឡាញចំនួន ៧០ ស្ថានីយ៍ទូរទស្សន៍ចំនួន ២២ និងស្ថានីយ៍វិទ្យុចំនួន ៣៣០។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសតែបីគត់នៅអាស៊ាន ដែលបាន ផ្តល់សច្ចាប័នលើអនុសញ្ញាស្នូល ទាំង ៨ ក្នុងវិស័យ ការងាររបស់អង្គការ ពលកម្ម អន្តរជាតិ (ILO) ដែល អនុញ្ញាត ឱ្យ កម្មករមានសហជីព ចុះ បញ្ជីដល់ទៅ ៥.០៤៥ ។ តួលេខទាំងអស់នេះមិនមែនគ្រាន់តែជាស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែវា ជា “ ភស្តុតាងយ៉ាងច្បាស់” ថា ប្រជាជនកម្ពុជានៅពេលនេះកំពុង ទទួលអំណរ ជាមួយ នឹង សេរីភាពនយោបាយ លំហសង្គមស៊ីវិល និងសេរីភាពដែលគ្មានសេចក្តីរំខាន។
ទោះបីជាមាន សេចក្តីសម្រេច របស់ គណៈកម្មការ អឺរ៉ុបលើបញ្ហាពាណិជ្ជកម្ម នេះក្តី កម្ពុជានៅតែមាន ការ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតី នៃការគោរព និងការទទួល ផលប្រយោជន៍ ទៅវិញទៅមក ជាមួយនឹងការបញ្ជាក់សាជាថ្មី ពីបំណង ប្រាថ្នា យ៉ាងមុតមាំរបស់ ខ្លួន ក្នុង ការ បន្តអនុវត្ត តាម ប្រព័ន្ធ ប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងតំបន់។
សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែកុម្ភៈនេះ គណៈកម្មការអឺរ៉ុប បានចេញសម្រេច ដោយដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់យ៉ាង លើកលែង តែ អាវុធ (EBA)” ពី កម្ពុជា ហើយការសម្រេចចិត្តនេះ នឹងប៉ះពាល់ដល់ផលិតផលមួយចំនួន ដែលកម្ពុជាបាននាំចូលទៅកាន់ទីផ្សារនៅសហភាពអឺរ៉ុប ដែលរួមមានផ្នែកខ្លះនៃសម្លៀកបំពាក់និងស្បែកជើង ព្រមទាំងផលិតផលនៅក្នុងការធ្វើដំណើរ និងផលិតផលស្ករស។ ការសម្រេចដកនេះមានទំហំប្រហែលមួយភាគប្រាំឬ មានតម្លៃប្រមាណជា១ ពាន់លានអឺរ៉ូ នៃតម្លៃ នាំចេញប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ ការសម្រេចចិត្តដកនេះនឹងចូលជាធរមាន នៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២០ខាងមុខ៕