សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា បើមានអ្នកជំងឺកូរ៉ូណានៅលើនាវាក៏សម្តេចទទួលដែរ ហើយថែមទាំងទទួលឱ្យបានឆាប់រហ័សបំផុត
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ និងផ្តល់នូវក្តីស្រឡាញ់អស់ពីបេះដូងដល់បងប្អូនអ្នកទេសចរណ៍ចម្រុះជាតិសាសន៍ជាងពីរពាន់នាក់ ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ MS Westerdam សហរដ្ឋអាម៉េរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា បើមានអ្នកជំងឺកូរ៉ូណានៅលើនាវាក៏សម្តេចទទួលដែរ ហើយថែមទាំងទទួលឱ្យបានឆាប់រហ័សបំផុត។សម្តេចបានលើកឡើងទៀតថា ប្រសិនបើមានអ្នកជំងឺនៅលើនាវា តើយើងទុកឲ្យអ្នកជំងឺទាំងនោះ ស្លាប់នៅលើនាវានោះ បន្ទាប់ទៅសាកសព តើត្រូវទម្លាក់ចោលក្នុងសមុទ្ទ ឬក៏ត្រូវទុកនៅក្នុងនាវា។ សម្តេចបន្តឲ្យដឹងទៀតថា នេះជាបញ្ហា ដែលត្រូវឃើញពីការទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជាការទទួលខុសត្រូវរបស់យើង ជាសមាជិកនៃសហគមន៍អន្តរជាតិដែលមានទំនួលខុសត្រូវ។ ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ថា សម្តេចបញ្ជូនសារនេះ ទៅកាន់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ក៏ដូចជាទៅកាន់សហគមន៍អន្តរជាតិផងដែរថា ពេលនេះ មិនមែនជាពេលភ័យខ្លាច និងមិនមែនជាពេលដែលត្រូវធ្វើការរើសអើងនោះទេ ប៉ុន្តែជាពេលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបាននឹងកំពុងយាយីមិនគ្រាន់តែប្រទេសមួយទេ ប្រទេសជាច្រើនបានជួបប្រទះរួចហើយ។ សម្តេចបញ្ជាក់ទៀតថា ប្រសិនបើថ្ងៃនេះ សម្តេចមកទទួលប្រជាពលរដ្ឋនៃបណ្តាប្រទស រហូតដល់៤១សញ្ជាតិនាពេលនេះ បែរជាគ្រោះថា្នក់ដល់ខ្លួនសម្តេច ក៏សាកស័ក្តិសមនឹងពលិកម្មដែលសម្តេចធ្វើនឹងមនុស្សជាតិផងដែរ។គួររម្លឹកឲ្យដឹងទៀតថា នាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាម៉េរិក ដែលមានទេសចរជាង២,២៥៧នាក់ ដែលនៅថ្ងៃទី១៣កុម្ភៈព្រឹក បានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយ។ នាវាទេសចរណ៍អាម៉េរិកដ៏ធំនេះ បានស្នើសុំចុះចតនៅតាមប្រទេស និងកោះចំនួន៦ មកហើយ តែត្រូវបានបដិសេធមិនឲ្យចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ (Covid-19) ។សម្តេចតេជោ ហ៊ុន សែន មានការអាណិតស្រណោះអ្នកធ្វើដំណើររាប់ពាន់នាក់ដែលរួមមានទាំងមនុស្សចាស់ ស្រ្តី និងកូនក្មេង ដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ហើយការជួយគ្នាជាពិសេសក្នុងគ្រាមានអាសន្នបែបនេះ គឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រុំដែនឡើយ។ នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម។ បើមិនជួយពួកគេ បើមិនឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើប្រទេសមួយចំនួននោះគេបានបិទអស់ហើយ។ សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសាមកហើយថា ជំងឺពិតប្រាកដនាពេលនេះ គឺជំងឺភ័យខ្លាចលើសលុប ដែលមិនមែនជាជំងឺកូរ៉ូណាទេ។សម្តេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ថា ពេលនេះពិភពលោកបានឃើញច្បាស់ហើយថា កម្ពុជាយើងមិនមែនគ្រាន់តែសហការជាមួយមិត្តចិនទេ គឺសហការជាមួយគ្រប់ជាតិសាសន៍ទាំងអស់រួមទាំងសហរដ្ធអាមេរិកផងដែរ គឺយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ហើយនេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃនិងគ្មានព្រំដែនដែលប្រកបដោយការទទួលខុសត្រូវខ្ពស់៕