ក្រសួងសុខាភិបាលកម្ពុជា បានច្រានចោលនូវព័ត៌មានក្លែងក្លាយមួយនៅលើ Facebook ដែលបង្ហោះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី (Covid-19)

 

(ភ្នំពេញ)៖ យោងទៅតាមអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ក្រសួងសុខាភិបាលកម្ពុជា បានច្រានចោលនូវព័ត៌មានក្លែងក្លាយមួយនៅលើ Facebook ដែលបង្ហោះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី (Covid-19)។

ក្នុងការរដិសេធខាងលើនោះ ក្រសួងបានអំពាវនាវឱ្យសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះការបំភ្លៃការពិតនេះ។

សូមបញ្ជាក់ផងដែរថា ការបង្ហោះព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសដោយក្រសួងសុខាភិបាលម៉ាឡេស៊ីថា ខ្លួនបានរកឃើញនូវករណីជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី នៅលើស្រ្តីជនជាតិអាមេរិកាំងម្នាក់ អាយុ៨៣ឆ្នាំ ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ Westerdam ចូលមកប្រទេសកម្ពុជា ហើយបានហោះហើរចូលទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាលកម្ពុជា និងម្ចាស់ក្រុមហ៊ុននាវា Westerdam បានទាមទារឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ពិនិត្យជាថ្មីម្តងទៀតចំពោះស្រ្តីជនជាតិអាមេរិកាំង ដែលខ្លួនបានអះអាងថា ស្រ្តីនោះពុំមានរោគសញ្ញាអ្វីទាំងអស់នៅពេលចាកចេញពីកម្ពុជា ព្រោះក្រុមគ្រូពេទ្យបានត្រួតពិនិត្យយ៉ាងច្បាស់លាស់លើករណីនេះ៕

អត្ថបទដែលជាប់ទាក់ទង