ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋកុំចល័តទៅតំបន់ផ្សេង ខណៈវីរុសប្រភេទដែលតាកំពុងរាតត្បាត

ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋកុំចល័តទៅតំបន់ផ្សេង បើសិនពុំមានការចាំបាច់ ខណៈករណីឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទដែលតា(Delta) កំពុងរាតត្បាតក្នុងសហគមន៍នៅប្រទេសកម្ពុជាហើយ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកជានាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្នុងដំណាកកាលនៃការរកឃើញវិជ្ជមាននូវករណីឆ្លងវីរុសកូវីដ-១៩ ប្រភេទដែលតានេះ ប្រជាពលរដ្ឋគ្រប់រូបគួរតែកុំចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីបង្ការការឆ្លង ឬ ចម្លងជំងឺដ៏កាចសាហាវនេះក្នុងសហគមន៍កាន់តែទ្រង់ទ្រាយធំឡើង។
លោកជំទាវវេជ្ជបណ្ឌិត បានព្រមានថា ប្រសិនបើប្រជាពលររដ្ឋនៅតែបន្តការចល័តពីកន្លែងមួយទៅកន្លែងមួយទៀត នោះលទ្ធភាពនៃការចម្លងនឹងបន្តកើតមាន ខណៈដែលវីរុសបំប្លែងថ្មីនេះ ត្រូវបានរកឃើញនៅក្នុងរាជធានីភ្នំពេញ ដោយមិនដឹងប្រភពចម្លងមកពីណានៅឡើយ។ លោកជំទាវបន្តថា នេះគឺជាស្ថានភាពមួយនៃការឆ្លងរីករាយដាលនៃវីរុសកូវីដ១៩ពពួកដែលតា ដែលសកលលោកកំពុងតែមានការព្រួយបារម្ភ ដោយសារលទ្ធភាពនៃការចម្លងរបស់វាមានសភាពលឿន។ លោកជំទាវវជ្ជបណ្ឌិត បន្តអំពាវនាវយ៉ាងទទួចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទាំងអស់គ្នា ដើម្បីយកឈ្នះលើការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ពិសេសវិធានសុខាភិបាល «៣ការពារ និង៣កុំ»។
តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យជំនាញ ឱ្យដឹងថា ជំងឺកូវីដ-១៩បំប្លែងថ្មីនេះ មានការឆ្លងតាមខ្យល់ និងមិនងាយបង្ហាញខ្លួននោះឡើយ ដោយការធ្វើចត្តាឡីស័កចំនួន១៧ ទៅ២០ថ្ងៃ ទើបចេញរោគសញ្ញាដូចជា៖ ធ្វើទុក្ខក្នុងខ្លួន កំដៅឡើងពី៣៧ដល់៤០អង្សារ ក្តៅ រងារ ញាក់ ឈឺក ក្អក ហៀរសំបោរ មិនទទួលបានរសជាតិអាហារ លែងស្រេកទឹក ឬឃ្លានអាហារ ជាដើម។
គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ប្រភេទដែលតា ចំនួនសរុប២២៣ករណី ក្នុងនោះអ្នកឆ្លងភាគច្រើន គឺជាប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃចូលមកកាន់កម្ពុជាវិញ។ ចំណែក នៅរាជធានីភ្នំពេញ ត្រូវបានរកឃើញចំនួន៥ករណីហើយ ហើយក្រុមគ្រូពេទ្យជំនាញ បាននិងកំពុងបន្តស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធ ដើម្បីយកសំណាកជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង