ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះ អាចបង់ប្រាក់ពន្ធតាមកម្មវិធីទូរសព្ទដៃ
អគ្គនាយដ្ឋានពន្ធដារ បានអភិវឌ្ឍមុខងារសម្រាប់បង់ប្រាក់ពន្ធ លើមធ្យាបាយដឹកជញ្ជូននិងយានជំនិះប្រភេទ តាមកម្មវិធីទូរសព្ទដៃ«GDT Taxpayer App» ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពនៃការគ្រប់គ្រងចំណូលពន្ធដារ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយដ្ឋានពន្ធដារ ដែលបានបញ្ជាក់ទៀតថា មុខងារថ្មីនេះ ក៏នឹងបង្កភាពងាយស្រួល និងឆាប់រហ័ស ដល់ម្ចាស់យានយន្ត ក្នុងការបង់ប្រាក់ពន្ធដោយមិនចាំបាច់ធ្វើដំណើរទៅសាខាពន្ធដា ឬធនាគារដៃគូរបស់ពន្ធនានោះទេ។
អគ្គនាយដ្ឋានពន្ធដារ បញ្ជាក់ទៀតថា បន្ទាប់ពីបង់ប្រាក់ពន្ធរួច ក៏នឹងមានការដឹកជញ្ជូនលតាបត្រ ដល់ម្ចាស់យានយន្តដល់ទីកន្លែងផងដែរ។ ក្រៅពីនេះ កម្មវិធីបង់ប្រាក់ពន្ធតាមទូរសព្ទដៃ ធ្វើឱ្យម្ចាស់យានជំនិះជាអ្នកជាប់ពន្ធ ងាយស្រួល ក្នុងការពិនិត្យមើលព័ត៌មានយានជំនិះ ដែលបានចុះបញ្ជី និងបានធ្វើបច្ចុប្បន្នភាពរួចរាល់ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ យានជំនិះរបស់នាយកដ្ឋានពន្ធដារ។ អ្នកជាប់ពន្ធ អាចបង់ពន្ធប្រចាំឆ្នាំ លើយានជំនិះរបស់ខ្លួន ដោយមិនចាំបាច់បំពេញព័ត៌មាន ក្នុងទម្រង់លិខិតប្រកាសពន្ធ។ នេះបើតាមសេចក្តីជូនដំណឹងដដែល។
មិនត្រឹមតែចំណេញពេលវេលា ម្ចាស់យានជំនិះ អាចស្នើសុំ និងទទួលបានប័ណ្ណសម្គាល់ការបង់ពន្ធ ជាទម្រង់ឌីជីថល(E-Card) ភ្លាមៗ និងឯកសារពាក់ព័ន្ធដទៃទៀត។ យ៉ាងណាក៏ដោយកម្មវិធីនេះ អាចប្រើប្រាស់បានសម្រាប់តែយានជំនិះ ដែលបានចុះបញ្ជីរួចរាល់ នៅក្នុងប្រព័ន្ធគ្រប់គ្រងនិន្នន័យរបស់នាយកដ្ឋានពន្ធដារប៉ុណ្ណោះ៕