ជំនួយវ៉ាក់សាំងរបស់អង់គ្លេសដែលគ្រោងនឹងដឹកមកដល់ កម្ពុជា នៅល្ងាចថ្ងៃទី៤ សីហា នេះ ត្រូវបានពន្យាពេលនឹង មកដល់នៅថ្ងៃស្អែកវិញ
ប្រភពព័ត៌មានពីខុទ្ទកាល័យ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ជំនួយវ៉ាក់សាំងទ្វេភាគីរបស់ ចក្រភពអង់គ្លេសផ្តល់ឲ្យកម្ពុជាដែលគ្រោងនឹងដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃពុធទី៤សីហានេះ ត្រូវបានពន្យាពេល នឹងដឹកមកដល់នាវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី៥សីហា ស្អែកវិញ។
តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញទៅទទួលជំនួយវ៉ាក់សាំងទ្វេភាគី របស់ប្រទេសអង់គ្លេសនេះ ដូចជំនួយវ៉ាក់សាំងទ្វេភាគីរបស់ ចិន និង ជប៉ុនផងដែរ។
សូមបញ្ជាក់ជូនថា សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានប្រកាសថាកម្ពុជាទទួលស្វាគមន៍នូវរាល់ជំនួយពីមិត្តភក្តិបរទេសទាំងអស់គ្មានការរើសអើងអ្វីឡើយ ប៉ុន្តែ សម្តេចនឹងចេញទៅ ទទួលនូវជំនួយវ៉ាក់សាំងណាដែលផ្តល់ឲ្យកម្ពុជាក្នុងក្របខ័ណ្ឌទ្វេភាគីតែប៉ុណ្ណោះ ចំពោះក្នុងក្របខ័ណ្ឌពហុភាគី គឺរដ្ឋមន្ត្រីក្រសួងសុ ខាភិបាលជាអ្នកទទួល។
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានឲ្យដឹងថា ដើម្បីចូលរួមចំណែកជួយដោះស្រាយបញ្ហាសុខភាពជូនប្រជាជនកម្ពុជា រដ្ឋាភិបាលអង់គ្លេសបានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណជាង៤០ម៉ឺនដូសដល់កម្ពុជាដែលនឹងជួយដល់ការរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា។
សូមបញ្ជាក់ជូនថាមកដល់ពេលនេះ កម្ពុជា ទទួលបាន វ៉ាក់សាំង សរុប ប្រមាណ ជាង២០លាន ដូ ស ហើយ ដែល ភាគច្រើនបំផុត ជា វ៉ាក់សាំង ជំនួយ និង ទិញ ពី ប្រទេស ចិន ។
ដោយឡែកសម្រាប់ជំនួយវ៉ាក់សាំងដែលបណ្តាប្រទេសជាមិត្ត បានផ្តល់ឲ្យកម្ពុជារួមមានជំនួយរបស់ប្រទេសចិន ជាង៣លានដូស ជំនួយរបស់ខូវ៉ាក់ ជាង៣០ម៉ឺនដូស ជំនួយរបស់ជប៉ុន១លានដូស ជំនួយរបស់សហរដ្ឋអាមេរិកជាង១លាន៦សែនដូស នឹងជំនួយពីចក្រភពអង់គ្លេសដែលគ្រោងនឹងដឹកមកដល់នារសៀលថ្ងៃទី៥សីហា ស្អែកនេះប្រមាណជាង៤០ម៉ឺនដូសផងដែរ៕