កម្ពុជា តាក់តែងច្បាប់ចរាចរណ៍ឡើងវិញ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរាណ៍ «ឲ្យនៅតិចបំផុត»
នៅដើមខែសីហា ឆ្នាំ២០២១នេះ ស្ថាប័នពាក់ព័ន្ធ បានចាប់ផ្តើមជជែកគ្នាបន្តទៀត តាមប្រព័ន្ធអនឡាញ អំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ អ្នកដែលដឹកនាំ និងធ្វើជាអធិបតីក្នុងកិច្ចប្រជុំ គឺលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន រួមទាំងតំណាងស្ថាប័នពាក់ព័ន្ធនានា ដូចជា លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ជាដើម។
លោក អ៊ុក គឹមលេខ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា កិច្ចប្រជុំ មិនមែនត្រឹមតែពិភាក្សាគ្នាពីការធ្វើវិសោធនកម្មលើច្បាប់ចរាចរណ៍ចាស់ ដែលកំពុងអនុវត្តសព្វថ្ងៃនោះទេ គឺឈានទៅសរសេរសេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មីឡើងវិញតែម្តង។ លោក បកស្រាយថា ដោយសារតែការធ្វើវិសោធនកម្មលើច្បាប់ចរាចរណ៍ចាស់ មានចំនួនភាគរយច្រើនពេក ដូច្នេះទើបសម្រេចសរសេរសេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មីតែម្តង ដើម្បីឲ្យមានលក្ខណៈល្អប្រសើរជាងមុន ងាយយល់ជាងមុន និងកុំឲ្យច្របូកច្របល់។
មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ថា៖«ច្បាប់ថ្មីនេះ មានលក្ខណៈលម្អិតជាងមុន និងតឹងរឹងជាងមុន។ គោលបំណងនៃការធ្វើច្បាប់ [ថ្មី] គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ហ្នឹងហើយ»។
គេហទំព័ររបស់ក្រសួងសាធារណការ ផ្សាយថា ក្នុងចំណោម៩៤មាត្រានៃច្បាប់ចរាចរណ៍ចាស់ មានដល់ទៅ៤៨មាត្រាឯណោះ (ជាង៥០ភាគរយ) ដែលត្រូវធ្វើវិសោធនកម្ម។ បើតាមគេហទំព័ររបស់ក្រសួងសាធារណការដដែល គោលបំណងធំនៃការធ្វើវិសោធនកម្មនេះ (បង្កើតច្បាប់ចរាចរណ៍ថ្មី) គឺដើម្បីឲ្យអ្នកបើកបរ គោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ និងដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ «ឲ្យនៅកម្រិតទាបបំផុត»។
លោក ហ៊ាន សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ អះអាងថា មកដល់ពេលនេះ សេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មី ឆ្លងកាត់ការពិភាក្សាពីស្ថាប័នពាក់ព័ន្ធជិត២០លើកហើយ ហើយនឹងត្រូវពិភាក្សាគ្នាច្រើនលើកទៅមុខទៀត។ លោក ពន្យល់ថា ការបង្កើតឬការសរសេរសេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មី មិនមែនសរសេរខ្លឹមសារថ្មី១០០ភាគរយឡើយ ពោលគឺ ខ្លឹមសារខ្លះ ក្នុងច្បាប់ចរាចរណ៍ចាស់ ត្រូវកែសម្រួល និងត្រូវសរសេរខ្លឹមសារថ្មីបន្ថែមខ្លះ ហើយបញ្ជូលគ្នាទៅក្នុងច្បាប់ចរាចរណ៍ថ្មី។
អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា៖«មិនមែនច្បាប់ចាស់មិនល្អទេ តែច្បាប់ចាស់ បង្កើតឡើងតាំងពីឆ្នាំ២០០៧ គឺត្រូវនឹងបរិបទសង្គមពេលនោះ ដល់ឥឡូវ គឺល្មមនឹងត្រូវធ្វើឡើងវិញហើយ»។
ច្បាប់ចរាចរណ៍ថ្មី ដែលមានលក្ខណៈលម្អិតជាងមុន និងមានលក្ខណៈតឹងរឹងជាងមុនយ៉ាងណានោះ លោក អ៊ុក គឹមលេខ មិនអាចបរិយាយឲ្យអស់ឡើយ។ លោក គ្រាន់តែលើកឧទាហរណ៍តូចមួយថា អ្នកបើកបរម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាពគ្រប់គ្នា ហើយនគរបាលចរាចរណ៍ ក៏ត្រូវតែអនុវត្តយ៉ាងតឹងរឹងលើអ្នកបើកបរដែរ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្តថា មកដល់ដំណាក់កាលនេះ សេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មី មានប្រមាណជាង៩០មាត្រាហើយ គឺប្រហាក់ប្រហែលនឹងមាត្រានៃច្បាប់ចរាចរណ៍ចាស់ដែរ។ ប៉ុន្តែ ពេលចូលធរមាន ច្បាប់ចរាចរណ៍ថ្មី នឹងត្រូវមានមាត្រាសរុបចំនួនប៉ុន្មានោះ លោក មិនអាចដឹងមុនឡើយ។
ជានីតិវិធី សេចក្តីព្រាងច្បាប់មួយ ពេលក្រុមមន្រ្តីជំនាញនិងមន្រ្តីអន្តរក្រសួងពិភាក្សារួចហើយ ត្រូវដាក់ជូនទៅគណៈរដ្ឋមន្រ្តី ដើម្បីអនុម័ត។ បន្ទាប់មក សេចក្តីព្រាងច្បាប់នោះ ត្រូវបញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីអនុម័តបន្ត ហើយចុងក្រោយ ត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។
ទាំងលោក អ៊ុក គឹមលេខ ទាំងលោក ហ៊ាន សុទ្ធាយុត្តិ សុទ្ធតែមិនទាន់អាចសន្និដ្ឋានបានថា សេចក្តីព្រាងច្បាប់ថ្មី ស្តីពីចរាចរណ៍ផ្លូវគោកនេះ នឹងត្រូវដាក់ជូនទៅគណៈរដ្ឋមន្រ្តីនៅពេលណា៕