គ្លីនិកឯកជនណាមិនទទួលព្យាបាលអ្នកជំងឺនឹងត្រូវប្រឈមបិទទ្វារ
ភ្នំពេញ៖ ឯ.ឧ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានព្រមានបិទគ្លីនិកឯកជនណា ដែលមិនទទួលព្យាបាលអ្នកជំងឺ អំឡុងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ឯ.ឧ រដ្ឋមន្ត្រីបានបន្តថា គ្រប់មន្ទីរពេទ្យទាំងអស់ត្រូវប្រកាន់យកគោលការណ៍ទទួលសង្គ្រោះ ព្យាបាលអ្នកជំងឺជាដាច់ខាត ដោយប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ១៩ ក្នុងការញែកអ្នកជំងឺ បើសង្ស័យថា អ្នកជំងឺកើតជំងឺកូវីដ១៩។
ការប្រកាសបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្នុងរយៈការកន្លងមកនេះ មានបាតុភាពកើតឡើងជារឿយៗ ដែលមានអ្នកជំងឹសភាពធ្ងន់ធ្ងរបានទៅរកកន្លែងព្យាបាលនៅតាមសេវាសាធារណៈ(មន្ទីរពេទ្យរដ្ឋ) និងសេវាសុខាភិបាលឯកជន(គ្លីនិក ឯកជន) បែរជាមិនទទួលយកពួកគាត់ព្យាបាល ដែលធ្វើឱ្យជះឥទ្ធិពលមិនល្អមកលើក្រសួងសុខាភិបាល និងសេចក្ដីថ្លៃថ្នូររបស់គ្រូពេទ្យ។
តាមរយៈសេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិបាល ឯ.ឧ រដ្ឋមន្ត្រីបានឱ្យដឹងថាដើម្បីឆ្លើយតបទៅនឹងបាតុភាពខាងលើនេះ ថ្នាក់ដឹកនាំ និងអ្នកទទួលខុសត្រូវមន្ទីរពេទ្យរដ្ឋ និងឯកជនទាំងអស់ទូទាំងប្រទេស ត្រូវប្រកាន់យកគោលការណ៍ទទួលសង្គ្រោះ ព្យាបាលអ្នកជំងឺជាដាច់ខាត ដោយប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ១៩ ក្នុងការញែកអ្នកជំងឺ ហើយបើសង្ស័យថា អ្នកជំងឺកើតជំងឺកូវីដ១៩។
ឯ.ឧ រដ្ឋមន្ត្រីបានបន្ថែមថា ក្នុងករណីធ្វើតេស្តទៅ ឃើញអវិជ្ជមានកូវីជ-១៩ ត្រូវទទួលយកអ្នកជំងឺព្យាបាលធម្មតា ទៅតាមបច្ចេកទេសព្យាបាល និងក្នុងករណីធ្វើតេស្ត ទៅឃើញវិជ្ជមានកូវឹង-១៩ ត្រូវដាក់អ្នកជំងឺក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រសិនបើមានការអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ពីក្រសួងសុខាភិបាលនិងបញ្ជូនទៅមណ្ឌលព្យាបាល អ្នកជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យរដ្ឋដែលមានព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រសិនបើពុំមានការអនុញ្ញាតឱ្យព្យាបាលជំងឺ កូវីដ-១៩ ពីក្រសួងសុខាភិបាល។
ឯ.ឧ រដ្ឋមន្ត្រីព្រមានថា ក្នុងករណីដែលម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនណា ដែលមិនអនុវត្ត តាមការណែនាំនេះ ក្រសួងសុខាភិបាលនឹងមានវិធានការបិទមូលដ្ឋានសេវាសុខាភិបាលឯកជននោះ មិនអនុញ្ញាត ឱ្យទទួលព្យាបាលអ្នកជំងឺតទៅទៀតឡើយ។
ឯ.ឧ រដ្ឋមន្ត្រី បានណែនាំដល់អនុគណៈកម្មការបច្ចេកទេស និងព្យាបាលកូវីដ-១៩ និងនាយកដ្ឋានមន្ទីរពេទ្យ ត្រូវត្រួតពិនិត្យ តាមដាន ការងារនេះ ជាប្រចាំ និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ក្នុងករណីមានបាតុភាពមិនប្រក្រតីកើតឡើង៕