កម្ពុជាជាប្រទេសទី៣ បន្ទាប់ពីប្រទេសអ៉ីស្រាអែល និងឥណ្ឌូនេស៊ី ដែលបានចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជននៅលើពិភពលោក
យោង តាមវែបសាយបរទេសមួយដែលបានផ្សាយកាលពីថ្ងៃអាទិត្យ ទី៨ ខែ សីហា ម្សិលមិញ បានបង្ហាញថា អ៉ីស្រាអែល និងឥណ្ឌូណេស៉ី បានក្លាយជាប្រទេសទី១ និងប្រទេសទី២ ដែលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ ។ដោយឡែកកម្ពុជាបានក្លាយជាប្រទេសទី៣ នៅលើពិភពលោក ដែលបានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅថ្ងៃអាទិត្យ ទី៨ ខែសីហា ឆ្នាំ២០២១ម្សិលមិញផងដែរ។ ចំពោះបណ្ដាប្រទេសមួយចំនួនទៀតដូច ជាហុងគ្រីនិងរុស្ស៉ីក៏បានអនុញ្ញាតឲ្យមាន ការចាក់វ៉ាក់សាំងដូសទី៣ដែរ ប្រសិន បើអ្នកដែលបានចាក់វ៉ាក់សាំង ២ដូសពេញលេញ មានបំណងចាក់ដូសជំរុញ។
សម្រាប់ប្រទេស អេមីរ៉ាត់អារ៉ាប់រួម ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង កំពុងត្រៀមចាប់ផ្តើមការចាក់ដូសជំរុញនេះនាពេលឆាប់ៗខាងមុខនេះដែរ។ រីឯស្វីសនិងស៊ុយអែត ក៍គ្រោងចាក់ដូសទី៣ នៅប៉ុន្មានខែខាងមុខ ឬនៅឆ្នាំ២០២២ បើចាំបាច់ ខណៈសិង្ហបុរីបានប្រកាសកាលពីខែមុនថា ការចាក់វ៉ាក់សាំងដូសទី៣ អាចនឹងចាប់ផ្តើមក្នុងប្រទេសខ្លួន នៅកំលុងបុណ្យចូលឆ្នាំប្រពៃណីចិន នាឆ្នាំក្រោយ គឺខ្ទង់ខែកុម្ភៈ។
សូមបញ្ជាក់ជូនថាដោយសារតែវីរុស COVID-19បំប្លែងថ្មី Delta កំពុងរាតត្បាតខ្លាំង បើទោះបីជាមានការខំប្រឹងប្រែងពន្លឿនការចាក់វ៉ាក់សាំង នៅជុំវិញពិភពលោកក៏ដោយក៏ ករណីឆ្លងនៃជំងឺនេះហាក់នៅតែកំពុងកើនឡើងឥតឈប់ឈរ។ ប្រការនេះបានជម្រុញឲ្យប្រទេសជាបន្តបន្ទាប់ ចាប់ផ្តើមសម្រេចចិត្តអនុញ្ញាតឲ្យមាន ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនដល់ប្រជាជនរបស់ខ្លួន។
សូមជម្រាបជូនដែរថា មកដល់ពេលនេះ
នៅទូទាំងពិភពលោក មានអ្នកឆ្លងជំងឺ COVID-19បានកើនដល់ជាង២០០ លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ៤.៣លាននាក់៕