កងកម្លាំងចម្រុះខេត្ដបន្ទាយមានជ័យ ចំនួន១០អង្គភាព ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ AstraZeneca ដូសទី៣ តាមរថយន្តចល័ត

(បន្ទាយមានជ័យ)៖ កងកម្លាំងចម្រុះជួរមុខចំនួន១០អង្គភាព ប្រចាំទិសទី១ ខេត្ដបន្ទាយមានជ័យ ត្រូវបានក្រុមគ្រូពេទ្យ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ប្រភេទ AstraZeneca ដើម្បីបង្ការជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដោយមានការចូលរួមត្រួតពិនិត្យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ដោយក្រុមរថយន្តចល័តយោធភូមិភាគទី៥ រួមជាមួយក្រុមគ្រូពេទ្យកងពលតូចថ្មើរជើងលេខ៥១ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ចាក់ចាប់ពីព្រំប្រទល់ខេត្តឧត្តរមានជ័យ ដល់ព្រំប្រទល់ខេត្តបាត់ដំបង ជាង១៥០គីឡូម៉ែត្រ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងថា កងកម្លាំងចម្រុះជួរមុខ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣នេះ រួមមានស្ថាប័នកងទ័ព ចំនួន ៩អង្គភាព រួមជាមួយនគរបាលការពារព្រំដែនគោក សរុបរួមចំនួន ១០អង្គភាព ដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់។

ការចាក់វ៉ាក់សាំងជូនកងកម្លាំងជួរមុខឱ្យបានលឿនបំផុត ដើម្បីធានាបានសុខសុវត្ថិភាពជូនកងកម្លាំង ដែលកំពុងបំពេញប្រតិបត្តិការបិទខ្ទប់នៅជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ចាប់តាំងខែធ្នូ ឆ្នាំ២០២០ គិតមកដល់ពេលនេះមានរយៈពេលជាង ៨ខែមកហើយ ដោយកងកម្លាំងទទួលបានការការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នោះ មានចំនួន៣ដូសរួចមកហើយ ក្នុងនាមថ្នាក់ដឹកនាំយោធភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនោះ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបន្តទៀតថា អង្គភាពទាំង១០ ប្រចាំទិសទី១ ខេត្តបន្ទាយមានជ័យ មុនមកចាក់ចាក់ វ៉ាក់សាំង ដូសទី៣នេះ ត្រូវយកភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ កងយោធពលខេមរភូមិន្ទ ប័ណ្ណចាក់វ៉ាក់សាំង២ដង ឬទម្រង់ចាក់វ៉ាក់សាំងរួច២ដង និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះរដ្ឋាភិបាល បាននឹងកំពុងដំណើរការចាក់វ៉ាក់សាំង AstraZeneca ដែលជាដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខទាំងរដ្ឋ និងឯកជនដល់មន្ត្រីរាជការនៅតាមខេត្ត មន្ត្រីជាប់កិច្ចសន្យាកងទ័ព គ្រួសារកងទ័ព នគរបាលខេត្ត ចំនួន៧ ជាប់ព្រំដែន រួមមាន៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, កោះកុង, ឧត្តរមានជ័យ, ពោធិ៍សាត់ និងខេត្តព្រះវិហាររៀបចំចាក់វ៉ាក់សាំងចាប់ពី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១អស់ហើយ៕

អត្ថបទដែលជាប់ទាក់ទង