ស្ថានទូតចិន និងទីក្រុង-ខេត្តសម្ព័ន្ធមេត្រីចំនួន៨ ផ្តល់ថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួនជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

(ភ្នំពេញ)៖ អំណោយជាថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួនផ្សេងទៀត ត្រូវបានស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន០៨ ផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកគាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បានរីករាលដាលចូលក្នុងសហគមន៍ ពិសេសវីរុសបំប្លែងថ្មីប្រភេទ DELTA។

ពិធីប្រគល់ និងទទួលខាងលើនេះ បានធ្វើឡើង នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅសាលារាជធានីភ្នំពេញ។

អំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ដែលស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនទាំង០៨ ផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖

*ទី១៖ ទីក្រុងក្វាងចូវ ថ្នាំបុរាណចិន ១០,០០០ប្រអប់
*ទី២៖ ទីក្រុងប៉េកាំង ថ្នាំបុរាណចិន ១០,០០០ប្រអប់
*ទី៣៖ ខេត្តហ៊្វជៀន ថ្នាំបុរាណចិន ៣០,០០០ប្រអប់
*ទី៤៖ ទីក្រុងគុនមិញ ថ្នាំបុរាណចិន ៥៤០០ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីសែន ១០គ្រឿង (អំណោយដំហានទី១)
*ទី៥៖ ទីក្រុងសៀងហៃ ថ្នាំបុរាណចិន ២៤០០ប្រអប់ (អំណោយហានទី២)
*ទី៦៖ ទីក្រុងហឺហ្វេ ថ្នាំបុរាណចិន ២០,០០០ប្រអប់
*ទី៧៖ ទីក្រុងវ៉ូហាន ថ្នាំបុរាណចិន ៩,២០០ប្រអប់
*ទី៨៖ ទីក្រុងណាននីង ថ្នាំបុរាណចិន ៨០០០ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន ០៣គ្រឿង។ សរុបថ្នាំបុរាណចិន ៩៥០០០ប្រអប់, ម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន ១៣គ្រឿង។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាជនចិន និងថ្នាក់ដឹកនាំចិន ដែលតែងតែជួយប្រទេសកម្ពុជាកន្លងមក។ ជាក់ស្តែងនៅក្នុងពេលនេះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន០៨ បានផ្តល់អំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានចាត់ទុកថា ការបរិច្ចាគនូវឱសថ និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ពិតជាទាន់ពេលវេលា មិនត្រឹមតែបង្ហាញពីមិត្តភាព ដែលមិនអាចបំបែកបាន រវាងប្រទេស និងប្រជាជនយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់យន្តការ ដែលមានស្រាប់ក្នុងការការពារ និងលើកកម្ពស់សុខុមាលភាព ក៏ដូចជាសុខភាពរបស់ប្រជាជនយើង ក្នុងការកសាងសហគមន៍សុខភាព និងវិបុលភាពរួម៕

អត្ថបទដែលជាប់ទាក់ទង