ព្រឹកនេះ ក្រសួងសុខាភិបាល បើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់កាត់ការចម្លងវីរុស កូវីដ១៩»
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់កាត់ការចម្លងវីរុស កូវីដ១៩» ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង។
ពិធិបើកយុទ្ធនាការថ្នាក់ជាតិនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩, លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល , លោក គឹម សន្ដិភាព រដ្ឋលេខាធិការក្រសួងយុត្ដិធម៌, លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និង លោកស្រី Foroogh Foyouzat តំណាងអង្គការ UNICEF៕