អ.វ.ត.ក បន្តសវនាការថ្ងៃទី៣ការបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹងជនជាប់ចោទ ខៀវ សំផន
ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបន្តសវនាការនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សម្រាប់ថ្ងៃទី៣នៃសវនាការបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹងជនជាប់ចោទ ខៀវ សំផន។ សវនាការរបស់អង្គជំនុំជម្រះតុលាការកំពូលក្នុងថ្ងៃទីបីនេះ បានផ្ដោតសំខាន់ទៅលើប្រធានបទរួមមាន «ទឡ្ហីករណ៍នៃបណ្ដឹងសាទុក្ខពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌជាលក្ខណៈបុគ្គលរបស់ខៀវ សំផន» និង«ទឡ្ហីករណ៍នៃបណ្ដឹងសាទុក្ខពាក់ព័ន្ធទៅនឹងការប្រកាសទោស»។
មេធាវីការពារក្តីខៀវ សំផន បានលើកឡើងពីទឡ្ហីករណ៍នានាដើម្បីបញ្ជាក់ថាការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងមិនមានភស្តុតាងច្បាស់លាស់ដើម្បីដាក់បន្ទុកលើកូនក្តីរបស់ខ្លួនដូចជាសហឧក្រិដ្ឋកម្ម រួម និងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌជាលក្ខណៈបុគ្គលផ្សេងទៀតមកលើជនជាប់ចោទខៀវ សំផន។ មេធាវីខៀវ សំផន ដែលបានលើកឡើងចាប់តាំងពីសវនាការនាថ្ងៃទី១៦ ខែសីហា ស្នើសុំអង្គជំនុំជម្រះតុលាការកំពូលពិចារណានិងធ្វើមោឃភាពទៅលើសាលក្រមដែលសម្រេចដោយអង្គជំនុំជម្រះសាលាដំបូងដែលបានសម្រេចផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតក្នុងនោះរាប់ទាំងធ្វើមោឃភាពលើបទចោទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាមដែលបានដាក់ពិរុទ្ធភាពលើខៀវ សំផន ដោយបានលើកឡើងថាមានភស្តុតាងមិនរឹងមាំ។
ប៉ុន្តែទឡ្ហីករណ៍នេះត្រូវបានទាត់ចោលដោយតំណាងសហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខតំណាង ដើមបណ្តឹងរដ្ឋមន្ត្រីដោយបានលើកឡើងពីអំណាងអំណាចជាច្រើន រួមទាំងភាពត្រឹមត្រូវនៃនីតិវិធីដែល អង្គជំនុំជម្រះសាលាដំបូងបានអនុវត្តក្នុងការជំនុំជម្រះក្តី រួមទាំងយុត្តាធិការដែលបានលើក និងបទចោទប្រកាន់រួមនឹងអង្គហេតុដែលបានចោទប្រកាន់ប្រឆាំងនឹងខៀវ សំផន។ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យបានដាក់បណ្តឹងសាទុកទៅកាន់ អង្គជំនុំជម្រះតុលាការកំពូលប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដែលបាន នៃអ.វ.ត.ក ដែលបានរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម និងបានសម្រេចផ្តន្ទាទោសដាក់ព័ន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ អង្គជំនុំជម្រះសាលាដំបូងបាន រកឃើញថា ខៀវ សំផន ដែលជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យបានចូលរួមសហឧក្រិដ្ឋកម្មរួមជាមួយមេដឹកនាំជាន់ខ្ពស់ដទៃទៀតនៃបក្សកុម្មុយនិស្តកម្ពុជាដោយមានគោលបំណងអនុវត្តបដិវត្តន៍សង្គមនិយមឆាប់រហ័សតាមរយៈការព្រឹត្តឧក្រិដ្ឋកម្មនានា។
ជនជាប់ចោទខៀវ សំផន តាមរយៈមេធាវីការពារក្តីរបស់ខ្លួន បានស្នើសុំដល់អង្គជំនុំជម្រះតុលាការកំពូលមេត្តា៖ ១-ជាចម្បងកត់សម្គាល់ពីមោឃភាពនៃសាលក្រម របស់អង្គជំនុំជម្រះសាលាដំបូងដែលបានប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងសំអាងហេតុដែលបានជូនដំណឹងដល់ភាគីនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយរំលោភលើវិធាន ផ្ទៃក្នុង។ ២-ជាបន្ទាប់បន្សំ ធ្វើមោឃភាពសាលក្រម និងសំអាងហេតុសាលក្រមនៃសាលាដំបូង ដោយចេញសាលក្រមពីការគ្មានពិរុទ្ធភាពចំពោះបទចោទនីមួយៗ និង ៣-ជាបន្ទាប់បន្សំបំផុត កែប្រែការផ្តន្ទាទោស និងប្រកាស ដាក់ទោសឱ្យេជាប់ពន្ធនាគារក្នុងរយៈពេលកំណត់មួយ។
ចំណែកការិយាល័យសហព្រះរាជអាជ្ញាមិនបានប្តឹងសាទុក្ខលើផ្នែកពិរុទ្ធភាពទេ តែបានប្តឹងសាទុក្ខពាក់ព័ន្ធនឹងការរៀបអាពាហ៍ដោយបង្ខំ ដោយបានស្នើសុំអង្គជំនុំជម្រះតុលាការកំពូលសន្និដ្ឋានថា អង្គជំនុំជម្រះសាលាដំបូងមានកំហុសនៅពេលដែលអង្គជំនុំជម្រះបានសន្និដ្ឋានថា បរុសដែលត្រូវបានបង្ខំឱ្យរួមដំណេកនៅអាពាហ៍ពិពាហ៍របស់ពួកគេ មិនមែនជាជនរងគ្រោះនៃឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិនៃអំពើអមនុស្សធម៌ផ្សេងៗទៀតនោះទេ។ សហព្រះរាជអាជ្ញាស្នើថា ការរកឃើញដោយមានកំហុសនេះទុកមួយអន្លើសិន ហើយការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មនៃអំពើអមនុស្សធម៌ ផ្សេងទៀតនេះ ត្រូវកែតម្រូវដោយរួមបញ្ចូលហិង្សាផ្លូវភេទលើជនរងគ្រោះជាបុរសដើម្បីឱ្យជនរងគ្រោះទាំងបុរសនិងទាំងស្រ្តីនៃអំពើបង្ខំឱ្យរួមដំណេកដូចគ្នានេះ ត្រូវបានទទួលស្គាល់យ៉ាងត្រឹមត្រូវ។ ការណ៍នេះ គឺត្រូវតាមវិធាន ១១០(៤) នៃវិធានផ្ទៃក្នុងដូចដែល ខៀវ សំផន ត្រូវបានផ្តន្ទាទោសរួចហើយចំពោះឧក្រិដ្ឋកម្មនៃអំពើអមនុស្សធម៌ផ្សេងទៀត។
រីឯសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីស្នើសុំដោយសេចក្តីគោរពដល់អង្គជំនុំជម្រះតុលាការកំពូលមេត្តា៖ ១-ច្រាលចោលបណ្តឹងសាទុក្ខរបស់ជនជាប់ចោទ ខៀវ សំផន ទាំង ស្រុង ២-តម្កល់ពិរុទ្ធភាព ខៀវ សំផន ទាំងអស់ និង ៣-តម្កល់ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត៕