កាកបាទក្រហមចិន ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១០ម៉ឺនដូស ជូនកាកបាទក្រហមកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលដោយផ្ទាល់នៅល្ងាចនេះ

(ភ្នំពេញ)៖ សមាគមជាតិកាកបាទក្រហមចិន សម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១០ម៉ឺនដូស ជូនកាកបាទក្រហមកម្ពុជា។ វ៉ាក់សាំងដ៏វិសេសវិសាលដើម្បីសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា នឹងដឹកមកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងជាជំនួយរបស់សមាគមកាកបាទក្រហមចិន ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ប្រទេសចិន បានក្លាយទៅជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងមកដល់ប្រទេសកម្ពុជា។

គិតត្រឹមថ្ងៃទី១២ ខែសីហា កន្លងទៅ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណជា ២៤លានដូស។ ក្នុងនោះវ៉ាក់សាំងមកពីប្រទេសមានចំនួន ២១.៧លានដូស ហើយ ៣.២លានដូសជាជំនួយ។

វត្តមានដ៏ច្រើននៃវ៉ាក់សាំងរបស់ចិន បានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជាសម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើង ប្រមាណជា ១២លាននាក់ បានសម្រេចមុនផែនការ។

វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង