សេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ
សេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ
កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ សេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដោយបញ្ជាក់ថា, យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលលេខ ០១ សប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ដីពី គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ, ក្រសួងសុខាភិបាល សូមជម្រាបជូន និងធ្វើការណែនាំ ជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបអំពីប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលអាចប្រើសម្រាប់ចាក់ជាដូស ជំរុញ និងគម្លាតរយៈពេលសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ដូចខាងក្រោម៖
១-សម្រាប់មន្ត្រីបម្រើការជួរមុខ, មនុស្សចាស់ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកដែលមាន ប្រព័ន្ធការពាររាងកាយខ្សោយ, ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៤ និងខែទី៦ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស។ ដោយឡែក សម្រាប់ប្រជាជនទូទៅផ្សេងទៀត ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៦ និងខែទី៨ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង មូលដ្ឋានបានគ្រប់ដូស។
២-ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ, ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំង ប្រភេទខុសគ្នាក៏ដោយ មិនបង្កឱ្យមានផលរំខានច្រើនលើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗ ជាធម្មតានោះទេ ប៉ុន្តែ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពារ រាងកាយកាន់តែរឹងមាំក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មី ផ្សេងទៀត។
៣-ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាវ៉ាក់សាំងមូលដ្ឋានចំនួន ២ ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចគ្នាដូចជា Sinopharm ឬ Sinovac ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងគ្នា ដូចជាវ៉ាក់សាំង ប្រភេទ Viral Vector (វ៉ាក់សាំង Astraleneca) ឬវ៉ាក់សាំងប្រភេទ mRNA (វ៉ាក់សាំង Pfizer ឬ Moderna) ជាដូសជំរុញក៏បាន។
៤-ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជាវ៉ាក់សាំង Astraleneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចគ្នា ដូចជាវ៉ាក់សាំង Astraleneca ឬ Johnson & Johnson ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទ mRNA ដូចជាវ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញក៏បាន។
ដោយឡែក, ចំពោះការចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជាវ៉ាក់សាំង Astraleneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ, ក្រុមការងារសិក្សា ស្រាវជ្រាវនៃក្រសួងសុខាភិបាលនឹងសិក្សាបន្ថែម ហើយក្រសួងនឹងជូនដំណឹងដល់សាធារណជនអំពី លទ្ធផលនៃការសិក្សានេះនៅពេលក្រោយ៕