ផ្សោតសមុទ្របានទទួលការអភិរក្សនិងចាប់អារម្មណ៍ពីអ្នកទេសចរកាន់តែច្រើននៅខេត្តកោះកុង
កោះកុង៖ ផ្សោតសមុទ្រកំពុងបង្ហាញខ្លួនរស់នៅយ៉ាងសុខដុមនៅលើសមុទ្រកម្ពុជា។ ផ្សោតប្រភេទក្បាលត្រងោល រាប់សិបក្បាលហែលប្រដេញគ្នា តាមទូកអ្នកទេសចរ ពិសេសនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្ត្រខេត្តកោះកុង។
ភ្ញៀវទេសចរ កាលបើទៅដល់តំបន់ធម្មជាតិនេះហើយ តែងប្រាថ្នាចង់ឃើញដោយផ្ទាល់ភ្នែកនៃសត្វផ្សោតសមុទ្រដ៏កម្រ ដែលកំពុងមានវត្តមានតិចតួចនៅក្នុងទឹកដីនៃប្រទេសកម្ពុជា។
ពួកវាមានភាពស្និទ្ធសា្នលដោយមិននៅឆ្ងាយប៉ុន្មានពីអ្នកនេសាទឡើយ។ បច្ចុប្បន្នក្នុងតំបន់សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប បានកត់សំគាល់ឃើញមានចំនួនសត្វផ្សោត តាមរយៈការបំលាស់ទី កន្លែងរស់នៅរបស់ពួកវា និងការនេសាទ។ ដែនជម្រកសត្វព្រៃពាមក្រសោម ព្រមទាំងតំបន់ក្បែរៗជុំវិញឆ្នេរសមុទ្រខេត្តកោះកុង ត្រូវបានគេដឹងថា មានព្រៃកោងកាង ធនធានសមុទ្រ និងមានឆ្នេរសមុទ្រ។ សត្វផ្សោតច្រើនរស់នៅរកស៊ីចំណីកូនត្រី និងរុក្ខជាតិតាមព្រំប្រទល់សមុទ្រប្រទេសកម្ពុជាជាប់នឹងប្រទេសថៃ។
គួរបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គ.ម ពីក្រុងខេមរភូមិន្ទខេត្តកោះកុង។នៅទីកន្លែងនេះគឺជាទីតាំងទេសចរណ៍ដ៏មានសក្ដានុពលមួយ ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនកន្លែងនៅក្នុងខេត្តកោះកុង។ដើម្បីទៅដល់តំបន់ជម្រកសត្វផ្សោតនេះ អ្នកទេសចរចាំបាច់ត្រូវ ជួលទូកពីសហគមន៍ ដើម្បីជិះទៅទស្សនាសត្វផ្សោតតាមដៃសមុទ្រនៅទីនោះផ្ទាល់តែម្ដង។ទីកន្លែងនេះក្រៅពីមើលសត្វផ្សោតគេក៏អាចទស្សនាព្រៃកោងកាង មើលក្រុមប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទា និងពិសេសគេអាចស្ទូចត្រីសមុទ្រកម្សាន្តសប្បាយទៀតផង។
លោក ជ័យ យឿន ប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបបានឱ្យដឹងថាសត្វផ្សោតសមុទ្រនៅតំបន់នេះ តែងតែបង្ហាញខ្លួនលើផ្ទៃទឹកដ៏ខៀវស្រងាត់ ឱ្យភ្ញៀវទេសចរបានឃើញញឹកញាប់។សត្វផ្សោតទាំងនេះមានច្រើនក្រុម ហើយប្រភេទពូជវាក៏ខុសៗគ្នាដែរ។ ទោះបីយ៉ាងណាលោកក៏មិនដឹងថាសត្វផ្សោតទាំងនេះមានចំនួនប៉ុន្មានឱ្យពិតប្រាកដែរ ប៉ុន្តែយ៉ាងហោចណាស់ក៏មានចំនួនពី៣០-៤០ក្បាលដែរ នៅក្នុងតំបន់ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋមានការយល់ដឹង និង ការបង្កើនការចិញ្ចឹមគ្រំចំពុះទា ការអភិរក្សព្រៃកោងកាង បានធ្វើឲ្យឃើញមានវត្តមានហ្វូងសត្វផ្សោតសមុទ្រដ៏កម្រនេះ។
លោកស្រី នាង គុន មេឃុំពាមក្រសោប បានបញ្ជាក់ឱ្យដឹងថាអាជ្ញាធរបានចូលរួមពង្រឹងសមត្ថភាពរបស់ពលរដ្ឋរស់នៅក្នុងសហគមន៍ឃើញថាកិច្ចការពារធនធានធម្មជាតិ ពិសេសសត្វផ្សោតទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ។ ប្រជាសហគមន៍ជាច្រើនដែលពឹងផ្អែកលើវិស័យទេសចរណ៍ បានចូលរួមមិនថាកិច្ចការពារធនធានធម្មជាតិសូម្បីតែអនាម័យបរិស្ថានក្នុងតំបន់សហគមន៍មានភាពស្អាតគួរជាទីទស្សនា។ ម្យ៉ាងវិញប្រជាសហគមន៍បាននាំគ្នាចិញ្ចឹមគ្រុំចំពុះទា ដែលជាប្រយោជន៍បង្កើនធនធានត្រីនៅតំបន់នោះមានការកើនឡើង និងក៏ជាមូលហេតុនាំឲ្យឃើញមានវត្តមានផ្សោតសមុទ្រផងដែរ ខុសពីពេលមុនតំបន់ចិញ្ចឹមគ្រុំចំពុះទា ជាកន្លែងមានការនេសាទច្រើន ក៏ជាមូលហេតុបង្កគ្រោះថ្នាក់របស់វាច្រើនដែរ។
ពិសេសជាងនេះតំបន់ពាមក្រសោបក៏មាន កោះតូចៗដែលហ៊ុមព័ទ្ធទៅដោយព្រៃកោងកាងដ៏ស្រស់ស្អាតកំពុងរង់ចាំឱ្យចូលទស្សនារៀងរាល់ថ្ងៃ។ សហគមន៍ពាមក្រសោបជ្រើសរើសយកវិស័យទេចរណ៍ជាវិស័យអាទិភាពមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសការបង្កើនការងារសម្រាប់ប្រជាសហគមន៍ក្រៅពីនេសាទ។
សូមបញ្ជាក់ដែរថាបើតាមអង្គការ IUCN ចុះក្នុងបញ្ជីក្រហមឃើញថា សត្វផ្សោតជាប្រភេទសត្វដែលរងគ្រោះ និងជិតផុតពូជពីក្នុងពិភពលោក។
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងជាអ្នកធ្លាប់ស្រាវជ្រាវលើពូជសត្វផ្សោតសមុទ្រ បានឱ្យដឹងថាសត្វផ្សោតបច្ចុប្បន្នត្រូវបានអភិរក្សយ៉ាងតឹងរឹងពីសំណាក់មន្ត្រីជំនាញ ហើយពេលនេះពួកវាកំពុងរស់នៅយ៉ាងសុខសាន្ត។ ជាងនេះទៅទៀតមន្ទីរបរិស្ថានខេត្តកោះកុងក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមក្នុងកិច្ចការពារនិងអភិរក្សសត្វផ្សោតដ៏កម្រមិនអាចកាត់ថ្លៃបានទាំងនេះ ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់បន្តទៀត។
លោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបញ្ជាក់បន្ថែមថា គម្រោងការពារនិងអភិរក្សផ្សោតសមុទ្រតាមបណ្តោយដែនសមុទ្រ រវាងខេត្តកោះកុង និងខេត្តត្រាតប្រទេសថៃនៃអង្គការ IUCN បានចាប់ផ្តើមអនុវត្តកាលពីអំឡុងខែឧសភាឆ្នាំ ២០១៥ ក្នុងឃុំចំនួន៣ ក្នុងនោះមានដូចជា ឃុំពាមក្រសោប ប៉ាក់ខ្លង និងកោះកាពិ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក ហ៊ុន ម៉ារ៉ាឌី បានលើកមកបញ្ជាក់ដែរថាតាមរយៈការស្រាវជ្រាវសត្វផ្សោតសមុទ្រនៅដែនដីខេត្តកោះកុងនេះមានចំនួន៣ប្រភេទត្រូវបានរកឃើញរួមមាន សត្វផ្សោតទន្លេ(ហៅក្បាលត្រងោល)សត្វផ្សោតឃ្លៀចនិងសត្វផ្សោតឥតព្រុយខ្នង។
សូមរំលឹកថាបើតាមការឱ្យដឹងពីអង្គការ IUCN បញ្ជាក់ថាក្នុងការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១៨គេបានរកឃើញសត្វផ្សោតសមុទ្រ មានប្រមាណជាង៥០០ក្បាលនៅដែនសមុទ្រនៃទឹកដីខេត្តកោះកុង។
គួរបញ្ជាក់ផងថាគម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថានសហការជាមួយក្រសួង ស្ថាប័ន មួយចំនួនទៀត ក្រោមគម្រោងជំនួយមូលនិធិធនាគារពិភពលោក បាននិងគាំទ្រការលើកកម្ពស់ជីវភាពសហគមន៍ និងតំបន់ទេសចរណ៍ធម្មជាតិនៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ជុំវិញបឹងទន្លេសាប។ គាំទ្រគម្រោងទេសចរណ៍ធម្មជាតិទស្សនាសត្វផ្សោតសមុទ្រ ដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមតំបន់ឆ្នេរ និងចូលរួមការងារអភិរក្សសត្វផ្សោតសមុទ្រ៕