សម្ដេចតេជោ ហ៊ុន សែន បញ្ជាទិញវ៉ាក់សាំង៥លានដូសបន្ថែមទៀត ដើម្បីធានាពលរដ្ឋមានវ៉ាក់សាំងគ្រប់គ្រាន់ ខណៈក្នុងឃ្លាំងសល់១០លានដូស

(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាឲ្យទិញវ៉ាក់សាំង ចំនួន៥លានដូសបន្ថែមទៀត ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ដូសជំរុញ ខណៈក្នុងឃ្លាំងសល់ប្រមាណ១០លានដូស។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ ពីខេត្តបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំងរបស់យើងឥលូវនេះ នៅសល់ជាង១០លានដូសនៅក្នុងឃ្លាំង ប៉ុន្ដែខ្ញុំឲ្យទិញ៥លានដូស ហើយ៥លានដូសមកដល់ហើយ ឲ្យថែម៥លានដូសបន្ថែមទៀត ព្រោះយើងមិនដឹងថា ពេលណាវាចប់»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្តាខេត្តទាំងអស់ ខិតខំប្រឹងប្រែងធ្វើយ៉ាង ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានលឿនទាន់ពេលវេលា ខណៈដែលវីរុសបំប្លែងថ្មី អូមីក្រុង បានចូលសហគមន៍ហើយនោះ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គ្មានជម្រើសណាល្អជាង ជំរុញការចាក់វ៉ាក់សាំង ឲ្យទាន់ពេលវេលានោះទេ។

ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅដាក់វ៉ាក់សាំងដូសជំរុញលើកទី៤ ឲ្យបានគ្រប់ៗ ដើម្បីបង្កើតនៅប្រព័ន្ធភាព សុំាក្នុងសហគមន៍ផងដែរ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងផងដែរថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ សម្តេចនឹងចាក់វ៉ាក់សាំងដូសជំរុញ ខណៈសម្តេចជិតធ្វើដំណើរ ទៅកាន់ទីក្រុងឌុយប៉ៃ។

គូសបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបចំនួន១៤,២៨២,៧៨៨នាក់៕

អត្ថបទដែលជាប់ទាក់ទង