បារាំងថា នៅសល់ពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់
(ប៉ារីស)៖ រដ្ឋមន្រ្តីការបរទេសថ្មីរបស់ប្រទេសបារាំង លោកស្រី កាត់តេរីន កូឡុនណា (Catherine Colonna) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថានៅសល់ពេលតែប៉ុន្មាន សប្តាហ៍ទៀតប៉ុណ្ណោះ មុនពេលដែលទ្វារនៃឱកាសការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ រវាងប្រទេសអ៉ីរ៉ង់ ជាមួយមហាអំណាចពិភពលោកត្រូវបិទ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងទៅកាន់សមាជិកសភា លោកស្រី កូឡុនណា បានគូសបញ្ជាក់ថា ស្ថានការណ៍គឺមិនស្ថិតស្ថេរទេ ហើយបានចោទប្រកាន់អ៉ីរ៉ង់ថា បានប្រើយុទ្ធសាស្រ្តពន្យារពេល ស្របពេលដែលនៅតែបន្តកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។
លោកស្រីបានព្រមានទៀតថា ប្រសិនបើអ៉ីរ៉ង់នៅតែដើរលើគន្លងបច្ចុប្បន្នរបស់ខ្លួន នោះអ៉ីរ៉ង់នឹងក្លាយទៅជារដ្ឋនុយក្លេអ៊ែរ ហើយខណៈពេលវេលាចេះតែទៅមុខ ទីក្រុងតេហេរ៉ង់ ត្រូវតែដឹងថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នឹងធ្វើឲ្យការចុះកិច្ចព្រមព្រៀងកាន់តែមានការលំបាក។ លោកស្រីបានបន្ថែមថា «ឱកាសដ៏សំខាន់នឹងត្រូវបិទបញ្ចប់នៅក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខនេះ ហើយវាមិនមានអ្វីប្រសើរជាងការវិលមកកាន់តុចរចានោះទេ»។
គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ បានដាក់កំហិតលើកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់ ជាថ្នូរទៅនឹងការដកទណ្ឌកម្មពីសំណាក់អន្តរជាតិ តែលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ទណ្ឌកម្មលើអ៉ីរ៉ង់ឡើងវិញ ក្រោយដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៨។ អ៉ីរ៉ង់ជារឿយៗតែងតែ អះអាងថាកម្មវិធីនុយក្លេអ៊ែរ គឺដើម្បីបម្រើឲ្យការផលិតថាមពលនុយក្លេអ៊ែរស៉ីវិលតែប៉ុណ្ណោះ តែអ្នកជំនាញព្រមានថាតាមរយៈសន្ទុះនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងពេល បច្ចុប្បន្ន អ៉ីរ៉ង់មានសមត្ថភាពផលិតគ្រាប់បែកនុយក្លេអ៊ែរឆាប់ៗនេះ៕