លោក ស៊ុន ចាន់​ថុ​ល ៖ គម្រោងកំណាត់ផ្លូវលេខ ១៤៦បេ និង១៤៨ធ្វើតាមបច្ចេកទេសទោះបីកន្លែងខ្លះក្រោមកម្រិតគុណភាពបន្តិច

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចុះ​ពិនិត្យ និង​ធ្វើតេស្ត​ជា​ច្រើន​រយ​កន្លែង​លើ​កំណត់​ផ្លូវ​សាងសង់​រួច រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវ​លេខ​១៤៦​បេ (​វិ​ថី​សម្ដេច​សង្ឃរាជ​ទេព​វង្ស​) និង​ផ្លូវ​លេខ​១៤៨ សម្រេច​វឌ្ឍនភាព ការងារ​សាងសង់​បាន​៩៩,៨១% ហើយ​គិត​រហូត​មក​ទល់​ពេល​នេះ និង​ធ្វើ​តាម​បច្ចេកទេស​ទោះបី​កន្លែង​ខ្លះ​ក្រោម​កម្រិត​គុណភាព​បន្តិច ។

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ពេល​ចុះ​ពិនិត្យ​គម្រោង ធ្វើ​ឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវ​លេខ​១៤៦​បេ (​វិ​ថី​សម្ដេច​សង្ឃរាជ​ទេព​វង្ស​) និង​ផ្លូវ​លេខ​១៤៨ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា​ថា ក្រុមការងារ​បច្ចេកទេស​ក្រសួង​ដែល​ដឹកនាំ​ដោយ​អគ្គនាយកដ្ឋាន​បច្ចេកទេស បាន​ធ្វើតេស្ត​សាកល្បង​គុណភាព​សាងសង់​ផ្លូវ​១៤៦​បេ​នេះ​ដោយ​ប្រើ​ឧបករណ៍​ទំនើប​ៗ​ជា​ច្រើន​ដូច​ជា ម៉ាស៊ីន FWD , ROMDAS, GPR, Nuclear, Pendulum ដើម្បី​ពិនិត្យ​ថា​តើ​ក្រុមហ៊ុន​បាន​គោរព​តាម​ស្តង់ដារ​បច្ចេកទេស​ដែរ​យ៉ាងណា​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ៖ «​ជា​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​បាន​បង្ហាញ​ថា​៖ ផ្លូវ​នេះ​សាងសង់​បាន​ល្អ​មានគុណ​ភាពរឹងមាំ​ដោយហេតុ​ថា មានការ​ធ្វើតេស្ត​សាកល្បង​ចំនួន​៤១៤​កន្លែង ក្នុង​នោះ​មាន​តែ​ពីរ​កន្លែង​ប៉ុណ្ណោះ​មាន គុណភាព​ក្រោម​កម្រិត​បច្ចេកទេស​បន្តិច ប៉ុន្តែ​អាច​ទទួលយក​បាន ។ ហើយ​ចំពោះ​កំណាត់​ផ្លូវ​ក្រាល AC វិញ កម្រិត​នៃ​ភាព​រលាក់ IRI មាន​តម្លៃ​តូច​ជាង ២m/km ដែល​ស្ថិត​ក្នុង​កម្រិត​ល្អ​ណាស់ ។ ហើយ​ចំពោះ​ផ្លូវ​បេតុង ការ​ពិនិត្យ​កម្រិត​នៃ​ភាព​កកិត ក៏​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ឡើង​វិញ​ដែរ ហើយ​ជា​លទ្ធផល​ឃើញ​ថា តម្លៃ​នៃ​ភាព​កកិត​របស់​ផ្ទៃ​កម្រាល​បេតុង គឺ​ខ្ពស់​ជាង​ស្តង់ដារ​ដែល​បាន​កំណត់​»​។

បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា​ផ្លូវ​នេះ​អាច​ជួយ​សម្រួល​ដល់​ឡាន​ដឹក​ទំនិញ​ធុន​ធ្ងន់​ធ្វើ​ដំណើរ​វាង​ផ្លូវជាតិ​លេខ​៤ ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​កកស្ទះ​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៤ ដែល​កន្លង​មក​តែងតែ​បង្ក​ភាពយឺត​យ៉ាវ ដល់​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​បរទេស ហើយ​ក្រសួង​គ្រោង​ស្នើ​ទៅ​អភិបាល​ក្រុងព្រះសីហនុ ដើម្បី​ពិនិត្យ​រួម​គ្នា​លើ​លទ្ធភាព​នៃ​ការ​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ជ​ញ្ជ​ន​ទំនិញ​ធុន​ធ្ងន់​ចេញពី​កំពង់​ផែ​ក្រុង​ព្រះ​សី​នុ​ធ្វើ​ដំណើរ​ចូល​ផ្លូវ​ល្បឿន​លឿន​តែ​ម្ដង ដើម្បី​ចំណេញ​ពេលវេលា និង​កាត់​បន្ថយ​បន្ទុក​នៃ​ការ​ដឹក​ជញ្ជូន​លើ​ផ្លូវ​លេខ​៤​ដែល​កំពុង​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ឱ្យ​ក្រុមហ៊ុន​សាង​ស ង់​ផ្លូវ​ទាំងអស់​ធ្វើ​ផ្លូវ​ឱ្យ​បាន​រឹង​មាំ​តាម​លក្ខណៈ​បច្ចេកទេស​ដែល​បាន​ឯកភាព​គ្នា​ដោយហេតុ​ថា ក្រសួង​មាន​ឧបករណ៍​សម្ភារ​បច្ចេកទេស​ទំនើប​ៗ​ច្រើន​ដែល​អាចយ​កមក​ត្រួតពិនិត្យ​គុណភាព​នៃ​ការ​សាងសង់​ផ្លូវ​បាន និង​បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដឹក​ជញ្ជូន​ទំនិញ​ទាំងអស់​ដែល​ប្រើប្រាស់​ផ្លូវ​កម្ពុជា​ទាំង​ឡាន​បរទេស​ទាំង​ឡាន​កម្ពុជា ត្រូវ​តែ​គោរព​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​បាន​ម៉ឺងម៉ាត់ មិន​ត្រូវ​បំផ្លាញ​ផ្លូវ​របស់​កម្ពុជា​ទេ កម្ពុជា​ត្រូវការ​ថវិកា​ច្រើន​ណាស់​ក្នុង​ការ​កសាង​ប្រព័ន្ធ​ផ្លូវថ្នល់​ឱ្យ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា ជូន​អ្នក​ដឹក​ទំនិញ​ផង​ដែរ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​រម្លឹក​ម្តង​ហើយ​ម្តងទៀត​ថា ៖ បើ​បើកឡាន​មួយ​គ្រឿង​ដឹក​លើស​ដប់​តោន​យក​១០x១០ ស្មើ​១០០ យក​១០០x១០ ស្មើ​១.០០០ យក​១.០០០x១០ ស្មើ​១០.០០០ ដូច្នេះ​ឡាន​មួយ​គ្រឿង​ដឹក​លើស​ទម្ងន់​១០​តោន​ស្នើ​នឹង​ឡាន​មួយ​ម៉ឺន​គ្រឿង​រត់​លើ​ផ្លូវ​នោះ​ធ្វើ​ឱ្យ​ផ្លូវ​សឹក​រិច​រិល​មុន​អាយុកាល ។ ប៉ុន្តែ​បើ​ឡាន​ខ្លះ​ដឹក​លើស​ទម្ងន់​៣០​តោន​យក​៣០x៣០​ស្មើនឹង​៩០០ យក​៩០០x៣០​ស្មើនឹង​២៧.០០០​យក​២៧.០០០x៣០​ស្មើនឹង ៨១.០០០​គ្រឿង ដូច្នេះ​ឡាន​មួយ​គ្រឿង​ដឹក​លើស​៣០​តោន​ស្មើនឹង​ឡាន​ជិត​១​លាន​គ្រឿង​រត់​នៅ​លើ​ផ្លូវ​យើង ។

ជា​ចុង​ក្រោយ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ទទូច​សុំ​ឱ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​គោរព​ច្បាប់​ចរាចរណ៍ និង​ច្បាប់​ផ្លូវថ្នល់ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​សង្កត់​ធ្ងន់ធ្ងរ​ថា​៖« ការ​កាត់ បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​ការ​ទទួលខុសត្រូវ​របស់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​រដ្ឋាភិបាល​មិន​អាច​ធ្វើ​បាន​តែ​ម្នាក់ឯង​ទេ ។ យើង​ត្រូវការ​ការ​ចូលរួម​ចំណែក​ពី ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវ ដើម្បី​រួម​គ្នា​សម្រេច​នូវ​គោលដៅ​នេះ​»​។

សូម​ជម្រាប​ជូន​ថា កំណាត់​ផ្លូវ​ខាង​លើក​នេះ​នេះ​គឺជា​ផ្លូវ​វាង​ក្រុង​ដ៏​មាន​សក្ដានុពល​សម្រាប់​បម្រើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​នាំ​ចេញ​-​ចូល​តាម​នាវា កសិផល និង​ជលផល​របស់​បងប្អូន ប្រជាពលរដ្ឋ នៅ​ស្រុក​ស្ទឹង​ហាវ ក៏​ដូច​ជា​បងប្អូន​រស់នៅ​តំបន់​ទំនប់​រលក​ចាស់​នៃ​ក្រុងព្រះសីហនុ​ទៅ​កាន់ ទីផ្សារ កាន់តែ​មាន​លក្ខណៈ ងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច និង​ចូលរួម​ចំណែក​ដល់ ការ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ យានយន្ត​ដឹក​ជញ្ជូន​ទំនិញ​ធុន​ធ្ងន់​តាម​ផ្លូវជាតិ​លេខ​៤​ផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង