ទឹកជន់លិចផ្លូវជាតិលេខ៥ ត្រង់ស្រុកកំពង់ត្រឡាច ដោយសារបើកទ្វារទឹកនៅទំនប់អន្លង់ជ្រៃ ក្នុងខេត្តកំពង់ស្ពឺ តែអាជ្ញាធរមិនបានផ្អាកការធ្វើចរាចរណ៍នោះទេ
(កំពង់ឆ្នាំង)៖ ដោយសារការបើកទ្វារទឹកនៅទំនប់អន្លង់ជ្រៃ ខេត្តកំពង់ស្ពឺ និងទឹកភ្លៀងធ្លាក់មកជាបន្ដបន្ទាប់ បានធ្វើឲ្យជន់លិចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ស្ថិតក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ។
លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយសារតែទឹកភ្លៀងធ្លាក់មកខ្លាំង អាជ្ញាធរបានបង្ខំចិត្តបើកទ្វារទំនប់អន្លង់ជ្រៃ ដើម្បីបញ្ចៀសការបាក់ដោយប្រការណាមួយ ដូច្នេះហើយបានធ្វើឲ្យទឹកធ្លាក់មកខាងក្រោម និងជន់លិចផ្លូវជាតិលេខ៥តែម្ដង។ លោកបន្ដថា ប្រសិនបើមេឃនៅផ្នែកខាងលើ បន្តធ្លាក់ភ្លៀង ទឹកជំនន់នេះអាចនឹងលិចផ្លូវជាតិនៅចំណុចខាងលើនេះបន្តទៀត។
ចំពោះវិធានការវិញ គឺអាជ្ញាធរ និងមន្ទីរសាធារណការ កំពុងមានវិធានការច្រកដីខ្សាច់ទប់តាមចិញ្ចើមផ្លូវជាតិ ដើម្បីឲ្យទឹកចូលតាមប្រឡាយក្រោមស្ពានចំណុចខាងលើនេះ។ ដោយឡែក ការធ្វើចរាចរណ៍នៅចំណុចខាងលើអាចធ្វើដំណើរបាននៅឡើយ មិនមានការផ្អាកនោះទេ ដូច្នេះចំពោះការធ្វើដំណើរសូមអ្នកបើកបរយានយន្តគ្រប់ប្រភេទមេត្តាប្រុងប្រយ័ត្ន។
ប៉ុន្តែក្នុងករណី បើមានទឹកជំនន់ពីផ្នែកខាងលើបុកចុះមកខ្លាំង ការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៥ នៅចំណុចនេះអាចនឹងត្រូវកាត់ផ្ដាច់ជាបណ្ដោះអាសន្ន៕