សិក្ខាកាមយោធាជំនាន់ទី១៦ ជិត១០០នាក់ នៃសាកលវិទ្យាល័យការពារជាតិ ចុះសិក្សាលើទីលានជាក់ស្តែងនៅភូមិសាស្រ្តព្រៃភ្នំ ខេត្តកំពត លើមេរៀនកងពលធំថ្មើរជើងវាយលុកខ្មាំង
(កំពត)៖ នៅថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២២នេះ និស្សិតវគ្គបណ្តុះបណ្តាលការពារជាតិ ជំនាន់ទី១៦ ចំនួន៩៨នាក់ នៃសាកលវិទ្យាល័យការពារជាតិ បានចុះសិក្សាលើទីលានជាក់ស្តែងនៅភូមិសាស្រ្តព្រៃភ្នំ ខេត្តកំពត លើមេរៀនកងពលធំថ្មើរជើងវាយលុកខ្មាំង។
ពិធីនេះបានប្រព្រឹត្តធ្វើឡើងក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ទោ យិន ឆៃលី សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ និងជានាយកមហាវិទ្យាល័យការពារជាតិ និងឧត្តមសេនីយ៍ទោ រស់ សុគន្ធ យោធាចារ្យ ថ្មើរជើង ព្រមទាំងបុគ្គលិកនៃមហាវិទ្យាល័យការពារជាតិ។
ក្នុងនោះដែរ និស្សិតមានចំនួន៩៨នាក់ (ស្រី៧នាក់), ថ្នាក់ឧត្តមសេនីយ៍ទោ ៤នាក់ (ស្រី១នាក់), ឧត្តមសេនីយ៍ត្រី ១២នាក់ (ស្រី២នាក់), វរសេនីយ៍ឯក ២៨នាក់ (ស្រី២នាក់), វរសេនីយ៍ទោ ៣៦នាក់ (ស្រី១នាក់) វរសេនីយ៍ត្រី ១៨នាក់ (ស្រី១នាក់)។
ជាការកត់សម្គាល់សម្រាប់សកលវិទ្យាល័យការពារជាតិ ដែលមាននាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ការពារជាតិ តែងតែចាត់បញ្ជូនសិក្ខកាមយោធារបស់សកលវិទ្យាល័យ ចុះទៅសិក្សាជាក់ស្តែងនៅលើទីលាន ដើម្បីរៀនបន្ថែមទៀត ក្រៅពីទ្រឹស្តីនៅក្នុងសាលា ទាំងនេះជាការពង្រឹងសមត្ថភាពរបស់សិក្ខាកាមកាន់តែប្រសើរឡើង៕