សម្តេច ស ខេង ៖ អាមេរិកដាក់កម្ពុជាចំណាត់ថ្នាក់លេខ៣ រឿងការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស
រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការភ្ញាក់ផ្អើលចំពោះ ការសម្រេចរបស់រដ្ឋាភិបាលអាមេរិកដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថារាជរដ្ឋាភិបាលកម្ពុជាគ្មា នឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
សម្តេចស ខេង បានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដោយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្ដេចបានបង្ហាញការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិកដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថារាជរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
សម្ដេចបន្ថែមថា «ខ្ញុំក៏បារម្ភឬក៏ថាមានការភ្ញាក់ផ្អើលដែរ ព្រោះខ្ញុំក្នុងឋានៈ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយតែងសហការជាមួយដៃគូអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកតែម្ដង»។
សម្ដេចបន្តថា«ខ្ញុំមានការបារម្ភលើលក្ខខណ្ឌនៃការវាយតម្លៃ ឬមនោសញ្ចេតនានៃការ វាយតម្លៃ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កម្ពុជានៅតែមានឆន្ទៈ និងនៅតែបន្តធ្វើការងារនេះ ហើយនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ដោយស្មោះជាមួយគ្នា។ យើងនិយាយតាមរបៀបសាមញ្ញថាអ្នកមកជួយខ្ញុំ ដើម្បីជួយឱ្យខ្ញុំឈ្នះ តែបើខ្ញុំចាញ់ មានន័យថាអ្នកឯងក៏ចាញ់ដែរ មិនមែនចាញ់តែខ្ញុំទេ។ មកជួយឱ្យល្អ តែបើធ្វើមិនបានល្អ អាហ្នឹងអ្នកឯងក៏អាក្រក់ដែរ។ ថាអ៊ីចឹងទៅចុះ…។ ប្រទេសខ្លះ ដូចជាធ្វើការងារនេះមិនបានល្អទេ តែបែរជាបានពិន្ទុល្អវិញ»។
យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថាកម្ពុជានឹងមិនដកថយឡើយ ផ្ទុយទៅ វិញគឺនឹងខិតខំរកឱ្យឃើញចំណុចខ្សោយដើម្បីដោះស្រាយ។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង មហាផ្ទៃក្នុងការដោះ ស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ក្នុងនោះសម្ដេចក៏បានអំពាវ នាវឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រចំពោះការអនុវត្តវិធានការណ៍ដោះលែងអ្នកជាប់ឃុំមួយចំនួនឱ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ និងការអនុវត្តទោសសហគមន៍។
សម្ដេចបន្តថា ការងារនេះកំពុងអនុវត្តសាកល្បង ហើយប្រសិនបើអនុវត្តបានជោគជ័យ ក្រសួងនឹងពង្រីកការងារនេះទៀតដោយមានកិច្ចសហការជាមួយក្រសួងយុត្តិធម៌។
សម្ដេចក៏បានបន្តសង្កត់ធ្ងន់អំពីបញ្ហាគ្រឿងញៀ.ននៅកម្ពុជាដែរ ដែលពេលនេះកំពុងប្រឈមនឹ ងកំណើនគ្រឿងញៀ.នចេញពីការកែច្នៃដោយសមាសធាតុគីមីផ្សេងៗ។ ជាមួយគ្នានោះដែរ សម្ដេចក៏បានឱ្យដឹងអំពីការទទួលបានការអនុញ្ញាតពីសម្ដេចតេជោ រៀបចំសេចក្ដីព្រាងច្បាប់មួយ ដើម្បីគ្រប់គ្រងការនាំចូលសាធាតុគីមី និងទប់ស្កាត់កុំឱ្យមាន ការបង្វែរយកទៅផលិតជាគ្រឿងញៀ.ន។
សម្ដេចបន្ថែមថា បញ្ហាគ្រឿងញៀ.ននេះក៏មានការជាប់ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ អពើភេវរកម្ម និងការរីកសាយភាពអាវុធមហាប្រល័យផងដែរ ៕