សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង
(ស្វាយរៀង): នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជេីញចូលរួមក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម ម៉ែន វវិបុល អភិបាលខេត្តស្វាយរៀង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាប្រតិភូអមដំណើរ ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងបានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងលោកលោកស្រីដែលជាប្រតិភូអមដំណើរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អាគាររដ្ឋបាល និងសមិទ្ធផលជាច្រើនទៀតនៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងនាថ្ងៃនេះ។
នៅក្នុងឱកាសនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងនូវការកោតសរសើរដល់ រដ្ឋបាលខេត្តស្វាយរៀងដែលមានឯកឧត្តម ម៉ែន វិបុល ជាអភិបាលខេត្ត និងមន្ត្រីរាជការសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងទាំងអស់បានចូលរួមចំណែកក្នុងការប្រមូលពន្ធជូនរដ្ឋ ធ្វើឲ្យកំណើនថវិការចំណូលចូលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាបន្តបន្ទាប់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជំរុញដល់សាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ក៏ដូចជាមន្ត្រីគយទាំងអស់ត្រូវខិតខំបំពេញភារកិច្ចតួនាទីរបស់ខ្លួនឱ្យបានល្អជាពិសេសត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត គ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ដើម្បីជំរុញឲ្យប្រមូលពន្ធជូនរដ្ឋ មានការកើនឡើងដែលធ្វើឲ្យសេដ្ឋកិច្ចជាតិ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ដោយ:33