ចំណងមិត្តភាពយូរអង្វែងសម្ដេចតេជោមានប្រសាសន៍ថា កម្ពុជា-វៀតណាម មិនអាចបំបែកបំបាក់គ្នាឡើយ
រាជធានីភ្នំពេញ ៖ សម្រាប់ចំណងមិត្តភាពកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបញ្ជាក់កម្ពុជា-វៀតណាម គឺមិនអាចបំបែកបំបាក់គ្នាបានឡើយ ខណៈទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ជាង១០ពាន់លានដុល្លារដែលជាទំហំមួយដ៏ធំ ។
ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាមសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា-វៀតណាម បានធ្វើការជាមួយគ្នាលើក្របខណ្ឌជាច្រើន រួមទាំងក្នុងក្របខណ្ឌរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សភា និងសភារហូតដល់អង្គការមហាជន ។
សម្តេចតេជោ បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់អង្គការមហាជន ក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ។
សម្តេចតេជោ បានបន្តថា សម្តេចបានធ្វើការជាមួយសមាគមមិត្តភាពវៀតណាម កម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្វីដែលសំខាន់ថែមទៀតនោះ គឺយើងត្រូវបន្តថែរក្សាតួនាទី និងទំនាក់ទំនងល្អលើនយោបាយការបរទេសដែលមិត្តភាព សាមគ្គីភាពរបស់ប្រទេសទាំងពីរ គឺមិនអាចបំបែកបំបាក់បានឡើយក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចំរើនរបស់ប្រទេសវៀតណាម ហើយដែលការរីកចំរើនរបស់វៀតណាម គឺពិតជាមានរួមចំណែកជួយដល់ការរីកចំរើនរបស់កម្ពុជាផងដែរ ។
ដោយសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរ កម្ពុជាបានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យ ផ្សេងៗទៀត រួមទាំងវិស័យថាមពល ។ វៀតណាមជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសិផលនាំចេញពីកម្ពុជា។
ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ជាង១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ ។ សម្តេចតេជោក៏បានស្នើដល់សមាគមមិត្តភាពវៀតណាម កម្ពុជា បន្តយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដែលចូលទៅសំរាកព្យាបាលជំងឺក្នុងប្រទេសវៀតណាម ។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងកូវីដ-១៩របស់ប្រទេសវៀតណាម យ៉ាងមានប្រសិទ្ធភាព ។ ក្នុងជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាតំបន់អសន្តិសុខក្លាយទៅជាតំបន់ព្រំដែន សន្តិភាព មានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរីកចំរើនទេសចរណ៍អប់រំ វប្បធម៌ ពិសេសការធ្វើដំណើរចេញចូលរកគ្នារវាងប្រជាជននៃប្រទេសទាំងពីរ ។
នាឱកាសនោះដែរ លោកស្រី ង្វៀន ធីថាញ់ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនរបស់ប្រទេសកម្ពុជា ហើយអ្វីដែលជាការចាប់អារម្មណ៍របស់លោកស្រី គឺការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីក្នុងនោះអ្វីដែលជាកត្តាសំខាន់បំផុត គឺការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា៕