សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ ក្នុងសម័យនេះយុវជនមានឱកាសច្រើនណាស់ បើធៀបនឹងយុវជនក្នុងសម័យសង្គ្រាម ដែលបាត់បង់ទាំងស្រុងនូវឱកាសសម្រាប់ការសិក្សារៀនសូត្រ!

ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយវិស័យនានាឲ្យស្មើមុខស្មើមាត់ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិពិតជាមានសន្ទុះគួរឲ្យស្ងប់ស្ងែងនិងមោទនភាពជាពន់ពេកសម្រាប់ប្រជាជាតិ ទាំងមូលជាពិសេសនៅលើវិស័យអប់រំដែលពីមុនមកយុវជនយើងសឹងតែគ្មានឱកាសទាល់តែសោះក្នុងការក្រេបជញ្ចក់ចំណេះដឹង និង បំណិនជីវិតផ្សេងៗ នេះជាប្រសាសន៍ប្រៀបធៀងបន្ថែមរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពផ្តល់ជូនសញ្ញាបត្រដល់និស្សិតជ័យលាភី សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបចំនួន ៣,០៧៥នាក់នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣សីហា ក្រោយពីនិស្សិត ទាំងអស់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។

សង្រ្គាម មិនបានធ្វើឲ្យប្រទេសជាតិរីកចម្រើននោះទេ! សង្រ្គាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ប្រភេទ សង្រ្គាមក៏មិនបាន បង្ករឱកាសងាយស្រួលដល់ការរស់នៅនិងប្រកបរបរចិញ្ជឹមជីវិតដែរ មិនថាឡើយឱកាសសម្រាប់យុវជន ក្នុងការរៀនសូត្រនិងក្រេបជញ្ចក់ចំណេះដឹងថ្មីៗ។ ទាំងនេះគឺជាមូលហេតុតែមួយគត់ដែលប្រមុខដឹកនាំកម្ពុជា និង នៅទូទាំងពិភពលោកសង្វាត ប្រទេញចង់បានសន្តិភាពជូនប្រជាពលរដ្ឋខ្លួនឯង និងរក្សាតម្លៃសន្តិភាពឲ្យបានគង់វង្ស យូរអង្វែងតាមដែលអាចធ្វើទៅបាន។ ជាក់ស្តែងហេតុការណ៍ផ្ទុះសង្រ្គាមរវាងប្រទេសរុស្ស៊ី និង អ៊ុយក្រែនគឺជាស្ថានភាពបង្ករជាផលប៉ះពាល់ជាសកលសម្រាប់មនុស្សជាតិទាំងមូលជាពិសេសវាបានបំផ្លាញអ្វីៗសឹងតែទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែន! ប្រជាជនអ៊ុយក្រែនរាប់លាននាក់ត្រូវជម្លៀសខ្លួនសុំការជ្រកកោននៅតាមប្រទេសនានា យុវជន និង កុមារក្នុងវ័យសិក្សារបស់អ៊ុយក្រែនទៀតសោតក៏ត្រូវបាត់បងឱកាសរៀនសូត្រ ដែលមិនដឹងថាពេលណាទើបអាចមានឱកាសស្គាល់ថា្នក់រៀនវិញក្នុងប្រទេសរបស់ខ្លួន មានឱកាសអាចរៀនភាសារបស់ខ្លួនដូចមុនឡើយ។ នៅក្នុងពេលនេះដែរលោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានឱ្យដឹងថាស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានបញ្ញាជន ក្នុងបរិបទនៃសង្គមពុទ្ធិ ក្នុងនោះបានអនុវត្តតាមផែនការយុទ្ធសាស្ត្រ ក្នុងគោលដៅចូលរួមអនុវត្តតាមគោលនយោបាយ និងផែនការជាយុទ្ធសាស្ត្រវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើមបំផុត៕

អត្ថបទដែលជាប់ទាក់ទង